(ម៉ូស្គូ)៖ ទីភ្នាក់ងារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Oleg Syromolotov ថា ប្រទេសលោកខាងលិចបាននឹងកំពុងប្រើប្រាស់អ៊ុយក្រែន ធ្វើជាកន្លែងបើកដំណើរការការវាយប្រហារតាមអ៊ីនធឺណិត ប្រឆាំងនឹងប្រទេសរុស្ស៊ី និងការសាកល្បងបច្ចេកវិទ្យាសង្គ្រាមតាមអ៊ីនធឺណិតថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti លោក Syromolotov បាននិយាយថា ភាគច្រើននៃការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី ត្រូវបានចាប់ផ្តើមពីទឹកដីនៃសហភាពអឺរ៉ុប រដ្ឋសមាជិកណាតូ ក៏ដូចជាអ៊ុយក្រែនផងដែរ។

លោក Syromolotov បាននិយាយថា «ប្រទេសនេះ (អ៊ុយក្រែន) បានប្រែទៅជាមូលដ្ឋានសម្រាប់លោកខាងលិច ដើម្បីអនុវត្តប្រតិបត្តិការវាយលុក និងសាកល្បងការអភិវឌ្ឍន៍តាមអ៊ីនធឺណិត»

លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសរុស្ស៊ីបាននិងកំពុងប្រឈមមុខនឹងកម្រិតដែលមិនធ្លាប់មានពីមុនមក នៃការឈ្លានពានតាមអ៊ីនធឺណិត។ លោក​បាន​បន្ត​ថា គ្រាន់តែ​នៅ​ឆ្នាំ​២០២២​តែ​មួយ​គត់ ​ចំនួន​នៃ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​រុស្ស៊ី​បាន​កើន​ឡើង ៨០ភាគរយ៕