(ញូវយ៉ក)៖ ព្យុះព្រិលដ៏ឃោរឃៅដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍បុណ្យណូអែល បានបន្តបង្កទុក្ខសោកដល់រដ្ឋញូវយ៉ក និងអ្នកធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈដែលរឿងរ៉ាវបានកើតឡើងអំពីគ្រួសារដែលជាប់គាំងអស់ជាច្រើនថ្ងៃក្នុងអំឡុងពេល «ព្យុះនៃសតវត្សរ៍»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

ចំនួនអ្នកស្លាប់ដោយសារព្យុះរដូវរងាបានកើនឡើងដល់ជាង ៥០នាក់ បន្ទាប់ពីក្រុមមន្ត្រីបានបញ្ជាក់ពីការស្លាប់ចំនួន ០៣នាក់ទៀតនៅភាគខាងលិច នៃតំបន់ Erie នៃទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាលនៃវិបត្តិ។

លោក Byron Brown អភិបាលក្រុង Buffalo ដែលជាទីក្រុងធំជាងគេនៅមាត់បឹង បាននិយាយនៅលើ Twitter ថា នាយកដ្ឋានប៉ូលីស «រំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងទៀត» ជាមួយនឹងកម្រាស់ទឹកកកកាន់តែខ្ពស់ និងការដាច់ចរន្តអគ្គិសនី។

លោក Kathy Hochul អភិបាលរដ្ឋញូវយ៉ក បានពណ៌នាអំពីផលវិបាកនៃព្យុះនេះថាស្រដៀងនឹង «តំបន់សង្រ្គាម»។ លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា «វាពិតជាព្យុះនៃសតវត្សរ៍»។

នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ អ្នកដំណើរ និងអ្នកស្រុកមួយចំនួនដែលរត់ចេញពីផ្ទះរបស់ពួកគេ ត្រូវបានជាប់នៅលើផ្លូវហាយវេ មិនអាចជួយសង្គ្រោះបានឡើយ។

ភាពសាហាវនៃខ្យល់ព្យុះបានធ្វើឱ្យតំបន់មួយចំនួន មិនអាចឲ្យរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តឈូសព្រិលចូលទៅដល់រយៈពេលរាប់សិបម៉ោង ហើយក្នុងករណីខ្លះអ្នកជួយសង្គ្រោះត្រូវដកខ្លួនចេញ ដែលធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ៕