(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នៅថ្ងៃពុធនេះ បាននិយាយថា ការបង្កហេតុនានាដោយកូរ៉េខាងជើងចាំបាច់ត្រូវតែតបស្នងទៅវិញ នូវការសងសឹកដោយមិនត្រូវមានភាពអាក់ស្ទើរនោះឡើយ បើទោះបីជាព្យុងយ៉ាង មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។
លោក យូន បានថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកយ៉ាងដូច្នេះថា «យើងត្រូវតែដាក់ទោសហើយសងសឹកប្រឆាំងនឹង សកម្មភាពបង្កហេតុនានារបស់កូរ៉េខាងជើង ព្រោះនេះគឺជាមធ្យោបាយរឹងមាំបំផុត ដើម្បីទប់ស្កាត់កុំឱ្យមានការបង្កហេតុតទៅទៀត»។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា «ដាច់ខាតយើងមិនត្រូវភ័យខ្លាច ឬមួយស្ទាក់ស្ទើរ ដោយសារតែកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរនោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ យន្តហោះដ្រូនកូរ៉េខាងជើង៥គ្រឿង បានឆ្លងចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ជាហេតុនាំឱ្យយោធារបស់កូរ៉េខាងត្បូង ចល័តយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមបាញ់ទម្លាក់ពួកវា ប៉ុន្តែទទួលបរាជ័យ ដោយបណ្តោយឱ្យដ្រូនទាំងនោះ ហោះហើរសេរីនៅលើទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីសេអ៊ូល អស់រយៈពេលប្រហែល៥ម៉ោង។ លោក យូន បានរិះគន់ធ្ងន់ៗ ចំពោះភាពបរាជ័យនេះ របស់យោធាកូរ៉េខាងត្បូង ខណៈខាងយោធាបានចេញមុខសុំទោស។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺមានភាពរកាំរកូសរាប់ទសវត្សរ៍មកហើយ ប៉ុន្តែភាពតានតឹងបានកើនឡើងកម្តៅកាន់តែខ្លាំង ចាប់តាំងពីលោក យូន បានឡើងកាន់អំណាចកាលពីខែឧសភា ជាមួយការសន្យាប្រកាន់ជំហររឹងមាំជាងមុន ចំពោះទីក្រុងព្យុងយ៉ាង។ ចំណែកកូរ៉េខាងជើងឯណោះវិញ បានធ្វើតេស្តបាញ់មីស៉ីលច្រើនមិនធ្លាប់មាននៅក្នុងឆ្នាំនេះ រួមមានទាំងការបាញ់សាកល្បងមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ផងដែរ៕