(បរទេស)៖ ក្នុងឆ្នាំ២០២២នេះ មានហេតុការណ៍ធ្លាក់យន្តហោះសំខាន់ៗចំនួន៤ ដោយក្នុងចំណោមនោះ ហេតុការណ៍ដែលរន្ធត់ខ្លាំងជាងគេ គឺការធ្លាក់យន្តហោះដឹកមនុស្សជាង១០០នាក់ នៅឯប្រទេសចិន កាលពីខែមីនា។
៤. កាលពីថ្ងៃទី១១ ខែកក្កដា យន្តហោះធុន Antonov AN-12BK របស់ក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនទំនិញ Meridian ដែលមានមូលដ្ឋាននៅប្រទេសអ៊ុយក្រែន បានធ្លាក់នៅទីក្រុងកាវ៉ាឡា (Kavala) ក្នុងប្រទេសក្រិក ពេលព្យាយាមធ្វើការចុះចតបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិកាវ៉ាឡា។ មនុស្ស៨នាក់ដែលធ្វើដំណើរលើនោះ បានបាត់បង់ជីវិតទាំងអស់។
៣. កាលពីថ្ងៃទី៦ ខែវិច្ឆិកា យន្តហោះមួយគ្រឿងធុន ATR 42-500 ផ្ទុកមនុស្ស៤៣នាក់ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Precision Air បានធ្លាក់ទៅក្នុងបឹងវិចតូរៀក្នុងប្រទេសតង់សានី ពេលព្យាយាមចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងប៊ូកូបា កំលុងស្ថានភាពអាកាសធាតុមិនល្អ និងមានការចុះអ័ព្ទខ្លាំង។ មនុស្ស១៩នាក់បានស្លាប់ រួមទាំងពីឡុតយន្តហោះទាំង២នាក់ផងដែរ។
២. កាលពីថ្ងៃទី២៩ ខែឧសភា យន្តហោះធុន DHC-6 Twin Otter 300 របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air ដែលមានផ្ទុកមនុស្ស ២២នាក់ ក្នុងនោះអ្នកដំណើរ១៩នាក់ និងសហសេវិកយន្តហោះ៣នាក់ បានធ្លាក់នៅតំបន់ភ្នំ កំលុងជើងហោះហើរក្នុងស្រុកពីទីក្រុងប៉ូខារ៉ា (Pokhara) ឆ្ពោះទៅកាន់ទីក្រុងចូមសូម (Jomsom)។ ហេតុការណ៍នោះ បានផ្តាច់ជីវិតមនុស្សទាំង២២នាក់។
១. កាលពីថ្ងៃទី២១ ខែមីនា ហេតុការណ៍ធ្លាក់យន្តហោះដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលយន្តហោះជើងហោះហើរ Flight 5735 ប្រភេទ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅតំបន់ភ្នំនៃភាគខាងកើតតំបន់ស្វយ័តក្វាងស៉ី កំលុងពេលធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយួនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Quangzhou) នៃខេត្តក្វាងទុង (Guangdong) ប្រទេសចិន។ មនុស្សទាំង១៣២នាក់នៅលើយន្តហោះ ដែលរួមមានអ្នកដំណើរ១២៣នាក់ និងក្រុមសហសេវិកយន្តហោះ ៩នាក់ បានស្លាប់ទាំងអស់។
គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះ China Eastern Airlines ខាងលើ ជាករណីធ្លាក់យន្តហោះស្លាប់មនុស្សច្រើនបំផុតទី៣ ក្នុងប្រទេសចិន បន្ទាប់ពីករណីជើងហោះហើរ Flight 3943 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលផ្តាច់ជីវិតមនុស្ស១៤១នាក់ កាលពីឆ្នាំ១៩៩២ និងករណីជើងហោះហើរ Flight 2303 របស់ក្រុមហ៊ុនអាកាសចរណ៍ China Northwest Airlines ដែលផ្តាច់ជីវិតមនុស្ស ១៦០នាក់ កាលពីឆ្នាំ១៩៩៤៕