(ញូដេលី)៖ អាជ្ញាធរបាននិយាយថាប៉ូលីសឥណ្ឌា កំពុងស៊ើបអង្កេតលើការស្លាប់អ្នកនយោបាយរុស្ស៊ីដែលមានទ្រព្យសម្បត្តិម្នាក់ ដែលមិននឹកស្មានដល់ បន្ទាប់ពីដៃគូធ្វើដំណើរម្នាក់ទៀតរបស់លោក បានស្លាប់ក្នុងសណ្ឋាគារតែមួយ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២

សាកសពរបស់ លោក ប៉ាវេល អាន់តូវ (Pavel Antov) អាយុ ៦៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅខាងក្រៅផ្ទះស្នាក់របស់លោក នៃសណ្ឋាគារដ៏ប្រណីតមួយ ក្នុងរដ្ឋអូឌីសា (Odisha) ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា ជាកន្លែងដែលលោកសម្រាកវិស្សមកាលជាមួយជនជាតិរុស្ស៊ី ៣នាក់ផ្សេងទៀត។ ហើយវាមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកម្នាក់ទៀត គឺលោក វ្ល៉ាឌីមៀ ប៊ីដិនូវ (Vladimir Bidenov) ត្រូវបានគេរកឃើញសន្លប់ដោយសារគាំងបេះដូង នៅក្នុងសណ្ឋាគារតែមួយហើយមិនអាចជួយសង្រ្គោះបាន។

ប៉ូលិសឥណ្ឌា កំពុងពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាព សាកសួរបុគ្គលិកសណ្ឋាគារ និងរង់ចាំរបាយការណ៍ធ្វើកោសល្យវិច័យ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានសញ្ញានៃការប្រព្រឹត្តបទល្មើសនោះទេ។ មេបញ្ជាការប៉ូលិសក្នុងតំបន់ លោក រ៉ាចេសហ៍ ផានឌីត (Rajesh Pandit) បានប្រាប់ AFP ឲ្យដឹងថា «គ្រប់មុំដែលអាចកើតមានទាក់ទងនឹងការស្លាប់របស់ជនជាតិរុស្ស៊ីពីរនាក់ កំពុងត្រូវបានផ្ទៀងផ្ទាត់។ ចំពោះករណីស្លាប់លោក អាន់តូវ ទំនងជាបណ្តាលមកពីការផឹកស្រាច្រើន និងការប្រើថ្នាំជ្រុល ហើយធ្លាក់ពីលើសណ្ឋាគារដោយចៃដន្យ»។

គួរបញ្ជាក់ថា លោក អាន់តូវ ជាអ្នកនយោបាយមួយរូបដែលត្រូវបានគេរាយការណ៍ថា ធ្លាប់រិះគន់សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។ លោកបានក្លាយជាសមាជិកសភាប្រចាំទីក្រុង វ្ល៉ាឌីមៀ តាំងពីឆ្នាំ២០១៨ និងជាតំណាងរាស្រ្តមកពីគណបក្ស United Russia របស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន៕