(វ៉ាស៉ីនតោន)៖ កាសែតក្នុងស្រុករបស់ប្រទេសជប៉ុន បានរាយការណ៍នៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក និងជប៉ុនបានចាប់ផ្តើមរៀបចំសម្រាប់កិច្ចប្រជុំកំពូល រវាងប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) ក្នុងទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

ដោយដកស្រង់ប្រភពីមន្រ្តីរដ្ឋាភិបាលជប៉ុន កាសែត យ៉ូមីអ៊ុរី (Yomiuri) បានចុះផ្សាយថា លោក គីស៉ិដា គ្រោងនឹងពិភាក្សាអំពីគោលនយោបាយសន្តិសុខថ្មីរបស់ប្រទេសជប៉ុន ដែលត្រូវបានកែសម្រួលក្នុងខែធ្នូនេះ ដើម្បីបង្ហាញពីការកសាងសមត្ថភាពយោធាដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ប្រសិនបើមិនមានការប្រែប្រួលនោះទេ កិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅខែមករា ខាងមុខនេះ នឹងក្លាយជាកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក គីស៉ិដា នៅឯសេតវិមាន ចាប់តាំងពីលោកចូលកាន់តំណែង។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជប៉ុនបានដាក់ចេញនូវផែនការជំរុញសមត្ថភាពការពារជាតិ ក្នុងទំហំទឹកប្រាក់ ៣២០ពាន់លានដុល្លារ ចំពេលដែលស្ថានការណ៍សន្តិសុខពិភពលោក កាន់មានភាពតានតឹង៕