(តូក្យូ)៖ សារព័ត៌មានជប៉ុន បានរាយការណ៍ថាទីក្រុងតូក្យូ មានផែនការដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីលនៅលើកោះ យ៉ូណាហ្គូនី (Yonaguni) ដែលស្ថិតភាគខាងលិច នៃប្រទេស ក្បែរកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

ដោយផ្អែកលើអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន លោក តាកេស៉ិ អាអុគិ (Takeshi Aoki) សារព័ត៌មានជប៉ុនជីជិ (Jiji) បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថាការដាក់ពង្រាយ ប្រព័ន្ធខែលប្រឆាំងមីស៊ីល និងកងកម្លាំងប្រតិបត្តិការ គឺជាផ្នែកមួយនៃការពង្រីកវិសាលភាពនៃកងកម្លាំងស្វ័យការពារ និងប្រព័ន្ធការពារនៅលើកោះយ៉ូណាហ្គូនី នៃខេត្តអូគីណាវ៉ា។ ប៉ុន្តែខាងក្រសួងការពារជាតិជប៉ុន មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Jiji។

គួរបញ្ជាក់ថា ជប៉ុនកាលពីដើមខែធ្នូនេះ បានប្រកាសពីការបង្កើនកញ្ចប់ថវិកាយោធាដល់ទៅ ៣២០ពាន់លានដុល្លារ ដែលនឹងផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពប្រព័ន្ធខែល ប្រឆាំងមីស៊ីល និងការវាយបកទៅលើសត្រូវ នៅចំពោះមុខភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែល ត្រូវបានក្រុមអ្នកជំនាញជឿថាជាកត្តាជំរុញឱ្យជប៉ុន ងាកមកពង្រឹងវិស័យយោធាឡើងវិញ៕