(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ជាមនុស្សមានភក្ដីភាពបំផុតចំពោះលោក ពូទីន បានព្យាករថានឹងមានសង្រ្គាមផ្ទុះឡើងរវាង អាល្លឺម៉ង់ និងបារាំងនៅឆ្នាំ២០២៣ ព្រមទាំងសង្រ្គាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកដែលត្រួសត្រាយផ្លូវឱ្យមហាសេដ្ឋី លោក Elon Musk កា្លយជាប្រធានាធិបតី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោក ម៉េដវ៉េដេវ បច្ចុប្បន្នគឺជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងធ្លាប់កាន់តំណែងជាប្រធានាធិបតីរុស្ស៉ីបានមួយអាណត្តិ នៅពេលដែលលោក ពូទីនកាន់តំណែងជា នាយករដ្ឋមន្ត្រី។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោក ម៉េដវ៉េដេវ ត្រូវបានគេរាយការណ៍ថាបានទទួលការតែងតាំងមុខងារថ្មីបន្ថែមទៀត នោះគឺជាអនុប្រធានរបស់ លោក ពូទីន នៅក្នុងស្ថាប័នមួយដែលមានតួនាទីត្រួតពិនិត្យលើឧស្សាហកម្មយោធារុស្ស៉ី។

នៅក្នុងការព្យាកររបស់លោកសម្រាប់ឆ្នាំ២០២៣ បង្ហោះលើគណនី Telegram និង Twitter អតីតប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានព្យាករផងដែរថាចក្រភពអង់គ្លេសអាចនឹង ត្រឡប់ទៅចូលរួមជាមួយសហភាពអឺរ៉ុបវិញ ដែលនៅទីបំផុតទៅនឹងត្រូវដួលរលំ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University College London លោក វ្ល៉ាឌីមៀ ផាស្ទូកហូវ (Vladimir Pastukhov)បានកត់សម្គាល់ថាការចេញមុខចេញមាត់របស់លោក ម៉េដវ៉េដេវ គឺដើម្បីស្វែងរកការគាំទ្រ និងតម្រួវចិត្តលោក ពូទីន។ លោក ផាស្ទូកហូវ បានបន្ថែមដូច្នេះថា «ការបង្ហោះសាររបស់លោក ម៉េដវ៉េដេវ នៅលើ Telegram មានមនុស្សម្នាក់ដែលលោកចង់ឱ្យឃើញ និងអានជាងគេ នោះគឺ លោក ពូទីន»