(វ៉ាស៊ីនតោន)៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺជាអាវុធការទូតដែលសហរដ្ឋអាមេរិកចូលចិត្តប្រើជាងគេ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ការឆ្លើយតបរបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន ទៅនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនអាចយកមកធ្វើជាឧទាហរណ៍ជាក់ស្ដែង។ ភ្លាមៗក្រោយលោក ពូទីនបញ្ជាឱ្យកងទ័ពរុស្ស៉ី លុកលុយចូលអ៊ុយក្រែន សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានប្រឆាំងនឹងទីក្រុងមូស្គូ ហើយក៏បានកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យ ដើរតាមវិធានការដាក់ទណ្ឌកម្មនេះផងដែរ។

សម្រាប់អ្នកបង្កើតគោលនយោបាយអាមេរិក ការដាក់ទណ្ឌកម្មជាអាវុធការទូតដែលអាចបំពេញចន្លោះប្រហោងនៃប្រសិទ្ធភាពនយោបាយការទូត និងអាចឱ្យទីក្រុងវ៉ាស៊ីនតោន បង្កការខូចខាត ឬដាក់សម្ពាធលើសត្រូវរបស់ខ្លួនដោយមិនចាំបាច់ធ្វើអន្តរាគមន៍យោធា។ ប៉ុន្តែ យុគសម័យមាសនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកំពុងឈានទៅរក ទីបញ្ចប់ហើយ។ ខណៈទីក្រុងវ៉ាស៊ីនតោនពឹងផ្អែកខ្លាំងលើការដាក់ទណ្ឌកម្មដើម្បីសម្រេចកម្មវត្ថុនយោបាយ បណ្ដាប្រទេសដទៃក្នុងនោះមានទាំងសត្រូវរបស់អាមេរិក ក៏កំពុង ពង្រឹងខែលការពារសេដ្ឋកិច្ចប្រឆាំងនឹងការដាក់ទណ្ឌកម្មដូចគ្នាដែរ ហើយមានព្រឹត្តិការណ៍សំខាន់ៗចំនួន៣ ជាពិសេសក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះដែលបានជំរុញ​ឱ្យពួកគេធ្វើដូច្នេះ។

កាលពីឆ្នាំ២០១២ សហរដ្ឋអាមេរិកបានកាត់ផ្ដាច់អ៉ីរ៉ង់ចេញពីប្រព័ន្ធទូទាត់លុយអន្តរជាតិ ឬហៅកាត់ថា SWIFT ដើម្បីធ្វើចត្តាឡីស័កវិស័យហិរញ្ញវត្ថុអ៉ីរ៉ង់ដែលនេះធ្វើឱ្យ ប្រទេសផ្សេងទៀត តួយ៉ាងសត្រូវ និងប្រទេសមិនសូវមានទំនាក់ទំនងល្អជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមបារម្ភថាពួកគេអាចជាអ្នកបន្ទាប់។ ក្រោយមកទៀត នៅឆ្នាំ២០១៤ បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី បន្ទាប់ពីលោក ពូទីន កាត់បញ្ចូលតំបន់គ្រីមៀជាទឹកដីរុស្ស៉ី ដោយជំរុញឱ្យទីក្រុងមូស្គូងាកមកផ្តោតជាអាទិភាពលើ ការពង្រឹងស្វ័យភាពសេដ្ឋកិច្ច។ ចុងក្រោយគេ នៅឆ្នាំ២០១៧ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ហើយសង្រ្គាមពាណិជ្ជកម្មនេះ បានរាលដលដល់វិស័យបច្ចេកវិទ្យាភ្លាមៗ។ តាមរយៈការរឹតត្បិតការនាំចេញសឺមីកុងឌុចទ័រ (semiconductor) ទៅកាន់ទីផ្សារចិន សហរដ្ឋអាមេរិកបានធ្វើឱ្យសត្រូវរបស់ខ្លួន កត់ចំណាំថាការពឹងផ្អែករបស់ពួកគេលើបច្ចេកវិទ្យាសំខាន់ៗ ក៏អាចនឹងត្រូវបានកាត់ផ្ដាច់ដែរ ប្រសិនបើធ្វើឱ្យអាមេរិកទាស់ចិត្ត។ ការវិវត្តនៃស្ថានការណ៍ទាំង៣នេះឯង បានបង្កើតជា «បាតុភូតថ្មីមួយ» នោះគឺ «ការតស៊ូប្រឆាំងនឹងទណ្ឌកម្ម»។ ជាទូទៅ អំណាចរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើប្រទេសដទៃ គឺអាស្រ័យលើឥទ្ធិពល លុយដុល្លារអាមេរិក និងការគ្រប់គ្រងបណ្ដាញហិរញ្ញវត្ថុសកល។ កត្តានេះជំរុញឱ្យសត្រូវអាមេរិក និងប្រទេសដទៃមួយចំនួនស្វែងរកមធ្យោបាយទប់ទល់នឹងទណ្ឌកម្ម ដោយ បង្កើត «កិច្ចព្រមព្រៀងដោះដូរហិរញ្ញវត្ថុទ្វេភាគីជំនួស SWIFT និងបង្កើតរូបិយបណ្ណឌីជីថល»។

តាមពិតទៅ ការព្រមានពីផលប៉ះពាល់អវិជ្ជមាននៃនយោបាយដាក់ទណ្ឌកម្មមិនមែនជារឿងថ្មីថ្មោងនោះទេ។ កាលពីឆ្នាំ១៩៩៨ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton) បានចាត់ទុកសហរដ្ឋអាមេរិកថាជាប្រទេសមួយដែលសប្បាយរីករាយនឹងការដាក់ទណ្ឌកម្ម ដែលធ្វើឱ្យលោកផ្ទាល់យល់ថាសហរដ្ឋអាមេរិក​ហាក់ដូចជា ចង់ដាក់ទណ្ឌកម្មលើមនុស្សគ្រប់គ្នា ឱ្យតែមិនយល់ស្របជាមួយខ្លួន។ នៅពេលនោះការព្រួយបារម្ភបែបនេះមើលទៅជារឿងខុសទំនង ពីព្រោះថាសហរដ្ឋអាមេរិក គឺជា មហាអំណាចសេដ្ឋកិច្ចគ្មានគូប្រៀប ហើយការដាក់ទណ្ឌកម្មនៅតែជាអាវុធដ៏មានប្រសិទ្ធភាព។ ជាក់ស្ដែង តាមរយៈការដាក់ទណ្ឌកម្ម ទីក្រុងវ៉ាស៊ីនតោនអាចបង្ខំឱ្យ អតីតមេដឹកនាំលីប៊ី លោក មូអាំម៉ា អាល់កាដាហ្វី (Muammar al-Qaddafi) ប្រគល់ខ្លួនជនសង្ស័យពីរនាក់ជាប់ពាក់ព័ន្ធ​នឹងករណីបំផ្ទុះគ្រាប់បែកលើយន្ដហោះ និងយល់ព្រម បោះបង់ចោលកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងអាវុធគីមី។ ចាប់តាំងពីនោះមក សហរដ្ឋអាមេរិកកាន់តែមាន​ទំនុកចិត្តលើការដាក់ទណ្ឌកម្ម រីឯសត្រូវអាមេរិកក៏កាន់តែ ប្រឹងប្រែងរកវិធីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរ។

មធ្យោបាយមួយដែលប្រទេសទាំងនោះប្រើដើម្បីតស៊ូប្រឆាំងនឹងទណ្ឌកម្ម នោះគឺការបង្កើតកិច្ចព្រមព្រៀងដោះដូររូបិយបណ្ណទ្វេភាគី ដោយមិនចាំបាច់ចាយលុយដុល្លារ​អាមេរិក ឬប្រើប្រាស់រូបិយបណ្ណប្រទេសទី៣។ ចិន បាន និងកំពុងប្រើវិធីសាស្ត្រនេះតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះ​ដូររូបិយបណ្ណទ្វេភាគីជា​មួយប្រទេស​ជាង៦០ ក្នុងនោះរួមមាន អាហ្សង់ទីន ប៉ាគីស្ថាន រុស្ស៉ី អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង តួកគី និងអេមីរ៉ាតអារ៉ាប់រួមជាដើម ជាមួយទំហំទឹកប្រាក់សរុបជិត ៥០០ពាន់លានដុល្លារ។ ចិនមានគោលដៅការពារក្រុមហ៊ុនរបស់ខ្លួនពីទណ្ឌកម្ម ដោយធ្វើឱ្យខ្លួនឯងមានជម្រើសច្រើន ឬអាចនិយាយបានថាអាចប្រើបណ្ដាញ​ហិរញ្ញវត្ថុអាមេរិកក៏បាន មិនចង់ប្រើក៏បាន។ កាលពីឆ្នាំ២០២០ វាជាលើកដំបូងបំផុតដែលចិនបានទូទាត់ច្រើនជាងពាក់កណ្ដាលនៃពាណិជ្ជកម្មរបស់ខ្លួនជាមួយរុស្ស៉ី ដោយមិនចាយលុយដុល្លារអាមេរិក ហើយដែលនេះ បានធ្វើឱ្យការដោះដូរមួយភាគធំនៃពាណិជ្ជកម្មទាំងនេះរួចផុតពីទណ្ឌកម្មអាមេរិក។

ការដោះដូរពាណិជ្ជកម្មរវាងរុស្ស៉ី និងចិន ដោយចាយលុយរូប្លិ៍ និងលុយយ័ន វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីធំដុំនោះទេ។ កាលពីខែមីនា ឆ្នាំ២០២០ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលមានចិន ឥណ្ឌា និងរុស្ស៉ីជាសមាជិកផងនោះបានដាក់ចេញអាទិភាពក្នុងការអភិវឌ្ឍប្រព័ន្ធទូតទាត់រូបិយបណ្ណនៅក្នុងស្រុក ក្នុងគោលបំណងចៀសវាងការពឹងផ្អែកខ្លាំងពេកលើការចាយលុយដុល្លារអាមេរិក និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ មួយវិញទៀត ការកើនឡើងនៃចេតនាចង់បោះ​បង់ចោល ការចាយលុយដុល្លាររបស់ចិន ជារឿងងាយស្រួលយល់ ព្រោះភាពតានតឹងកាន់តែខ្លាំងនៅក្នុងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺសូម្បីតែប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ក៏បានចុះកិច្ចព្រមព្រៀងដោះដូររូបិយបណ្ណទ្វេភាគីផងដែរ។ នៅឆ្នាំ២០១៩ ឥណ្ឌាបានទិញប្រព័ន្ធ​ខែល​ការពារមីស៊ីល S-400 ពីរុស្ស៉ី ក្នុងតម្លៃ៥ពាន់លានដុល្លារ ហើយការទិញអាវុធពីរុស្ស៉ីស្ថិតនៅក្រោមកម្មវត្ថុនៃ​ការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ តែដើម្បីគេចពីការដាក់ទណ្ឌកម្ម ឥណ្ឌា និងរុស្ស៉ី បានចុះកិច្ចព្រមព្រៀងទិញលក់ប្រព័ន្ធមីស៊ីលនេះ នៅក្រោមការដោះរូបិយបណ្ណទ្វេភាគីរវាង «លុយរូប្លិ៍ និងលុយរូពី»។

មធ្យោបាយផ្សេងទៀតដែលបណ្ដាប្រទេសមួយចំនួនប្រើប្រាស់ទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច គឺការអភិវឌ្ឍប្រព័ន្ធទូតទាត់ប្រាក់​មិនមែនរបស់ លោកខាងលិច។ ដ្បិត ពួកគេដឹងច្បាស់ថាដរាបណា នៅតែបន្តពឹងផ្អែកលើបណ្ដាញហិរញ្ញវត្ថុលោកខាងលិច ដូចជា SWIFT នោះពួកគេក៏មិនអាចគេចផុតទណ្ឌកម្មបានដែរ។ ការកាត់ផ្ដាច់ប្រទេសណាមួយពីប្រព័ន្ធទូទាត់លុយអន្តរជាតិ SWIFT វាប្រៀបបានដូចជាជម្រើសនុយក្លេអ៊ែរ នៅក្នុងឃ្លាំងអាវុធទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយកន្លងមក សហរដ្ឋអាមេរិកធ្លាប់ប្រើវិធានការនេះប្រឆាំងនឹងអ៉ីរ៉ង់ និងចុងក្រោយគេគឺរុស្ស៉ីដោយសារសង្រ្គាមនៅអ៊ុយក្រែន។ ដូច្នេះហើយទើប ចិន និងរុស្ស៉ី រិះរកមធ្យោបាយទូទាត់ផ្សេង ជំនួស SWIFT នោះគឺប្រព័ន្ធទូទាត់លុយរបស់ចិនដែលគេស្គាល់ថា Cross-Border Interbank Payment System ឬហៅកាត់ថា CIPS។ ជាការពិតណាស់ CIPS មិនទាន់អាច ហើយក៏ពិបាកនឹងតាមឱ្យទាន់ប្រព័ន្ធ SWIFT របស់លោកខាងលិច។ ក្នុងឆ្នាំ២០២១ CIPS ដំណើរការការទូទាត់បានត្រឹមតែ ១២ទ្រីលានដុល្លារតែប៉ុណ្ណោះ ឬស្មើប្រហាក់ប្រហែលនឹងការទូទាត់តាម SWIFT មិនដល់រយៈពេល៣ថ្ងៃផង។

តែទោះជាយ៉ាងណា វត្តមានរបស់ CIPS ជាជោគជ័យមួយសម្រាប់ចិន និងរុស្ស៉ី។ គោលដៅរបស់ប្រទេសទាំង២ គឺចង់បានមធ្យោបាយទូទាត់ជំនួស SWIFT ហើយអ្វីដែល សំខាន់សម្រាប់រុស្ស៉ី និងចិន នោះគឺធនាគារចំនួន ១,៣០០ នៅក្នុងប្រទេសចំនួន ១០០ បានចូលរួមនៅក្នុងក្របខណ្ឌរបស់ពួកគេ។ ក្នុងន័យនេះ ប្រសិនបើចិន និងរុស្ស៉ីត្រូវបាន កាត់ផ្ដាច់ទាំងស្រុងចេញពីប្រព័ន្ធ SWIFT នោះពួកគេនៅតែអាចទូទាត់តាមប្រព័ន្ធផ្សេងទៀតបានដដែល។ ដោយមាន CIPS ចិនអាចនឹងតម្រូវ ឬបង្ខំឱ្យប្រទេសដទៃដែល ចង់ចូលទីផ្សារចិន ប្រើប្រាស់ប្រព័ន្ធទូទាត់របស់ខ្លួននៅថ្ងៃណាមួយ ហើយដើម្បីអាចធ្វើបែបនេះបាន ចិននឹងពង្រឹងសមត្ថភាពដែលអាចកាត់ផ្ដាច់ប្រទេសផ្សេងពីប្រព័ន្ធទូទាត់ ដោយប្រាក់យ័ន និងសេដ្ឋកិច្ចចិន ដូចដែលសហរដ្ឋអាមេរិកអាចកាត់​ផ្ដាច់ប្រទេសដទៃពីប្រព័ន្ធទូទាំងប្រាក់ដុល្លារ និងសេដ្ឋកិច្ចអាមេរិក។

ចំណែកឯ មធ្យោបាយទី៣ នោះគឺការប្រើប្រាស់ «រូបិយបណ្ណឌីជីថល» ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នៅក្នុងវិស័យនេះ ចិនត្រូវបានគេសង្កេតឃើញថា កំពុងនាំមុខគេ ដោយប្រជាជនចិនជាង ៣០០លាននាក់បានប្រើប្រាស់ប្រព័ន្ធរូបិយបណ្ណឌីជីថលប្រាក់យ័ន នៅក្នុងទីក្រុងជាង២០ ក្នុងនោះរួមមានប៉េកាំង សៀងហៃ និងសិនជិន។ រូបិយបណ្ណឌីជីថលត្រូវបានដាក់ឱ្យប្រើប្រាស់ធនាគារកណ្ដាលចិន និងត្រូវបានដំឡើងជាស្រេចនៅក្នុងទូរស័ព្ទប្រជាជនចិន។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ ក្នុងទីក្រុងប៉េកាំង ចិនបានធ្វើតេស្ដលើរូបិយបណ្ណឌីជីថលជាមួយ Visa card និងប្រាក់យ័នឌីជីថលដែលត្រូវបានគេព្យាករថានឹងមានប្រជាជនប្រើប្រាស់ កើនដល់មួយពាន់លាននាក់នៅឆ្នាំ២០៣០។

ប្រាក់យ័នឌីជីថលជាខែលមួយការពារពីការដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិកមិនទាន់មានវិធីដើម្បីរឹតត្បិតលើការប្រើប្រាស់វានោះទេ។ ចិនកាលពីឆ្នាំ២០២១ បានចុះកិច្ចព្រមព្រៀងជាមួយអេមីរ៉ាតអារ៉ាប់រួម និងថៃ ក្នុងការនាំចេញទំនិញដោយប្រើប្រាក់យ័នឌីជីថល ហើយដោយសារទីផ្សារចិនមានទំហំធំស្រាប់ផងនោះ គេជឿជាក់ថា ប្រទេសផ្សេងទៀតអាចនឹងដើរតាមប្រទេសទាំង២នេះ៕