(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនមានការព្រួយបារម្ភអំពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃថវិកាការពារជាតិរបស់ប្រទេសជប៉ុន ដោយបានជំរុញឱ្យភាគីជប៉ុននិយាយ និងធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្នក្នុងវិស័យយោធា និងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យ លោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ដែលថា រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២៣ ខែធ្នូ បានយល់ព្រមលើថវិកាការពារជាតិចំនួន ៦.៨ពាន់ពាន់លានយ៉េន (ប្រហែល ៥១ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ២០២៣។

លោក Wang បាននិយាយថា ប្រទេសជប៉ុនកំពុងបង្ករឲ្យមានភាពតានតឹងក្នុងតំបន់ ដែលជាគ្រោះថ្នាក់ និងបានធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំង ក្នុងចំណោមប្រទេសជិតខាងអាស៊ីរបស់ខ្លួន និងក្នុងសហគមន៍អន្តរជាតិអំពីថា តើជប៉ុនអាចប្រកាន់ខ្ជាប់នូវគោលនយោបាយ និងផ្លូវនៃការអភិវឌ្ឍន៍ដោយសន្តិភាពទាំងស្រុងឬអត់។

លោក Wang បាននិយាយយ៉ាងដូច្នេះថា «ភាគីជប៉ុនគួរតែឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់លើប្រវត្តិនៃការឈ្លានពានរបស់ខ្លួន ជាមួយនឹងការនិយាយ និងធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្នក្នុងវិស័យយោធា និងសន្តិសុខ ដើម្បីកុំឱ្យបាត់បង់កិត្តិយសបន្ថែមទៀត ជាមួយប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ»