(ណៃពិដោ)៖ តុលាការប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោមរបបដឹកនាំយោធា ត្រូវបានបង្ហើបឱ្យដឹងថា កំពុងត្រៀមប្រកាស សាលក្រមចុងក្រោយក្នុងសំណុំរឿងប្រឆាំង អតីតមេដឹកនាំដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច គឺលោកស្រី អោងសាន ស៊ូជី នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។
លោកស្រី ស៊ូជី ដែលសព្វថ្ងៃមានវ័យ៧៧ឆ្នាំ ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីផ្ទុះរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបិទបញ្ចប់សម័យកាលលទ្ធិប្រជាធិបតេយ្យបណ្តោះអាសន្នរបស់មីយ៉ាន់ម៉ា ហើយរុញច្រានឱ្យប្រទេសអាស៊ានមួយនេះ ធ្លាក់ទៅក្នុងភាពចលាចល។
តុលាការមីយ៉ាន់ម៉ា នឹងត្រូវប្រកាសសេចក្តីសម្រេច សម្រាប់សំណុំរឿងពុករលួយ៥ចុងក្រោយ ប្រឆាំងនឹងលោកស្រី ស៊ូជី ដោយបទល្មើសនីមួយៗ អាចឱ្យលោកស្រី ត្រូវជាប់ពន្ធនាគារជាអតិបរមារយៈពេល ១៥ឆ្នាំ។ បច្ចុប្បន្នលោកស្រី កំពុងស្ថិតក្រោមការឃុំឃាំង ក្នុងបរិវេណពន្ធនាគារមួយកន្លែង នៅរដ្ឋធានីណៃពិដោ ខណៈកាលពីមុន លោកស្រីស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះ នៅទីតាំងមួយដែលពុំត្រូវបានបង្ហើបឱ្យដឹងជាសាធារណៈឡើយ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងកន្លងមក នារយៈពេល១២ខែចុងក្រោយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារសរុបយ៉ាងហោច២៦ឆ្នាំ ក្រោមបទល្មើសជាច្រើនរួមមានចាប់ពី ការបំពានគោលការណ៍រឹតត្បិតប្រឆាំងជំងឺកូវីដ១៩, ការកាន់កាប់ឧបករណ៍វិទ្យុទាក់ទងខុសច្បាប់ រហូតដល់ការញុះញង់ឱ្យមានអំពើហិង្សា, ការល្មើសច្បាប់កិច្ចការសម្ងាត់ជាតិ និងការព្យាយាមជះឥទ្ធិពលលើគណៈកម្មការបោះឆ្នោត នៃប្រទេសមីយ៉ាន់ម៉ា៕