(ប៉េកាំង)៖ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ជំងឺកូវីដ-១៩ បានរាតត្បាតនៅទូទាំងពិភពលោកអស់រយៈពេលជិត ៣ ឆ្នាំមកហើយ។ ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅនេះ ជំងឺនេះត្រូវបានចាត់ទុកថាជាជំងឺរាតត្បាតសកល ដែលគិតមកទល់បច្ចុប្បន្នបានឆក់យកអាយុជីវិត របស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ព្រមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅ។

ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះរាលដាលខ្លាំងមក ប្រទេសចិនបានចាត់វិធានការបង្ការនិងគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចេញទៅបរទេស និងករណីឆ្លងដែលនាំចូលពីបរទេស វិធានការទាំងនេះបានការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនចិននិងជនបរទេស ដែលស្នាក់នៅប្រទេសចិនអស់រយៈពេលជិត ៣ ឆ្នាំកន្លងមក។

យ៉ាងណាមិញ ចាប់ពីចូលឆ្នាំ ២០២២ នេះមក ប្រទេសនានាលើពិភពលោកបានលុបចោលវិធានការតឹងរ៉ឹង សម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ដោយផ្អែកតាមសភាពការណ៍ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។ ប៉ុន្តែក្នុងនោះ គេសង្កេតឃើញថាប្រទេសចិននៅតែមាន វិធានការគ្រប់គ្រងតឹងរ៉ឹងជាងបណ្តាប្រទេសនានា។

ហេតុអ្វីបានជាប្រទេសចិនមានវិធានការគ្រប់គ្រងជំងឺឆ្លងតឹងរ៉ឹងជាងបណ្តាប្រទេសនានា? ជាបឋម យើងមកមើលពីសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន។ ប្រទេសចិនមានចំនួនប្រជាជន ១.៤០០ លាននាក់ ដែលជាចំនួនប្រជាជនច្រើនជាងគេបង្អស់លើពិភពលោក។ ស្របនឹងការវិវឌ្ឍរីកចម្រើននៃប្រទេសជាតិ លក្ខខណ្ឌជីវភាពរស់នៅ និងសុខាភិបាលជាដើមត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ អាស្រ័យហេតុនេះ អាយុកាលគិតជាមធ្យមរបស់ប្រជាជន ក៏កាន់តែកើនឡើង ដែលនាំឱ្យសង្គមចិនមានមនុស្សវ័យជរាច្រើន។ ដោយសារកតា្តសុខភាពដូចជាមនុស្សវ័យជរា ច្រើនតែមានជំងឺប្រចាំកាយជាដើម ដូច្នេះប្រសិនបើឆ្លងជំងឺកូវីដ-១៩ នោះភាគច្រើននឹងមានអាការៈធ្ងន់ ដែលសឹងតែអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។

លើសពីនេះ កាលពីពេលកន្លងទៅ អត្រាចាក់វ៉ាក់សាំងនៅមិនទាន់អាចបង្កើតបានជា «របាំងភាពស៊ាំ» ក្នុងសង្គមដែលសមល្មមនឹងការលុបចោល វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយតឹងរ៉ឹងនោះឡើយ ។ ម៉្យាងទៀត បទពិសោធនៃករណីឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ-១៩ នៅក្រុងវូហាន កាលពីគ្រាដំបូងជាមេរៀនជាក់ស្តែង ដែលមិនអនុញ្ញាតឱ្យធ្វេសប្រហែល ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាដាច់ខាត។

ទីពីរ យើងមកមើលពីដំណើរវិវត្តន៍នៃវីរុសកូវីដ-១៩។ ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះរាលដាលជាសកលមក វីរុសនេះបានបំប្លែងខ្លួនជាបន្តបន្ទាប់ ដែលនាំមកនូវភាពលំបាក និងភាពស្មុគស្មាញក្នុងការបង្ការនិងព្យាបាល។ មិនថាឱសថព្យាបាលឬក៏វ៉ាក់សាំងក្តី សុទ្ធតែអាចនឹងបាត់បង់ប្រសិទ្ធភាពខ្លះៗ នៅពេលប្រឈមនឹងវីរុសបំប្លែងថ្មី។ អាស្រ័យហេតុនេះ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ត្រូវមើលតាមសភាពការណ៍នៃដំណើរវិវត្តន៍ជាក់ស្តែងរបស់ជំងឺឆ្លង។

អ្វីដែលគួរឱ្យកត់សម្គាល់ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ នេះ ប្រទេសចិនបានដាក់ចេញវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩«១០ខ»ថ្មី ដែលជាវិធានការ«បន្ធូរដៃ»បំផុតចាប់តាំងពីការផ្ទុះរាលដាលជំងឺកូវីដ-១៩នៅប្រទេសចិនមក ឬអាចនិយាយបានថាវាជាវិធានការគ្រប់គ្រងជំងឺឆ្លងធម្មតា។ ចុះហេតុអ្វីបានជាប្រទេសចិនទើបសម្រេចចិត្ត ដាក់ចេញវិធានការ «បន្ធូរដៃ» បែបនេះ?

ជាបឋម តាមរយៈការសិក្សាតាមវិទ្យាសាស្ត្រយ៉ាងហ្មត់ចត់បំផុតឃើញថា ប្រភេទជំងឺកូវីដ-១៩បំប្លែងថ្មី ដែលកំពុងឆ្លងរាលដាលនៅប្រទេសចិនបច្ចុប្បន្ន លែងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋទៀតហើយ ពោលគឺករណីឆ្លងជាង ៩០% សុទ្ធតែជាករណីគ្មានរោគសញ្ញាឬមានអាការៈស្រាល ដែលមិនបាច់ព្យាបាលឬគ្រាន់តែប្រើឱសថតែ៥-៦ថ្ងៃ នឹងអាចជាសះស្បើយបាន។

ទីពីរគឺពេលវេលាសមស្រប។ បច្ចុប្បន្ន អត្រាចាក់វ៉ាក់សាំងនៅទូទាំងប្រទេសចិន មានចំនួនជាង ៣.៤០០ លានដូស ដែលបានក្លាយជាខែលការពារសុខភាពប្រជាជន។ ម៉្យាងវិញទៀត សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ក៏មានភាពចាស់ទុំច្រើន ឯការព្យាបាលក៏ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ដូចនេះវាជាខណៈពេលសមស្របសម្រាប់ការ«បន្ធូរដៃ»

អ្វីដែលគួរកត់កម្គាល់ ក្រោយពេល «បន្ធូរដៃ» ចំពោះវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ មិនបានប៉ុន្មានថ្ងៃផង ករណីឆ្លងនៅទូទៅប្រទេសចិនក៏បានហក់ឡើងយ៉ាងខ្លាំង ដែលសុទ្ធសឹងតែជាករណីគ្មានរោគសញ្ញាឬមានអាការៈស្រាល ឯការផ្គត់ផ្គង់ឱសថព្យាបាលក៏ផ្តើមមានសម្ពាធជាងមុនច្រើន។ ត្រង់នេះយើងអាចគិតប្រមើលថា ចុះបើក្នុងករណីដែលវីរុសកូវីដ-១៩ នៅតែបង្កឱ្យមានជំងឺធ្ងន់ សឹងតែមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយរដ្ឋាភិបាលមិនចាត់វិធានការតឹងរ៉ឹងដើម្បីបង្ការ និងគ្រប់គ្រងជំងឺឆ្លងទេនោះ តើនឹងមានប្រជាជនប៉ុន្មាននាក់ ដែលត្រូវបាត់បង់ជីវិតដោយសារជំងឺឆ្លង? អាស្រ័យហេតុនេះ ការអនុលោមតាមសភាពការណ៍វិវត្តន៍ជាក់ស្តែងនៃជំងឺឆ្លង ហើយដាក់ចេញវិធានការរស់រវើកផ្អែកតាមការសិក្សាតាមវិទ្យាសាស្ត្រ ទើបអាចការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ ប្រជាជនដោយទាន់ពេលវេលាបាន។

រឿងពិតជាក់ស្តែងបានសបង្ហាញថា កម្មវត្ថុនៃវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់ប្រទេសចិនដែល «តម្កល់ទុកអាយុជីវិតប្រជាជនជាស្នូល តម្កល់ទុកសុខភាពប្រជាជនជាចម្បង» បានការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិន និងជនបរទេសដែលស្នាក់នៅប្រទេសចិនអស់រយៈពេល ៣ ឆ្នាំមកហើយ។

យើងក៏សង្កេតឃើញដែរថា ចាប់ពីការបិទខ្ទប់ទីក្រុងដែលមានករណីឆ្លងច្រើន ដល់ការបិទខ្ទប់សហគមន៍រស់នៅ ដែលមានករណីឆ្លង រហូតដល់ការលុបចោលវិធានការបិទខ្ទប់, ចាប់ពីការធ្វើចត្តាឡីស័កនៅកន្លែងប្រមូលផ្តុំធ្វើចត្តាឡីស័ក ដល់ការអនុញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ រហូតដល់ការលុបចោលវិធានការធ្វើចត្តាឡីស័ក, ចាប់ពីការធ្វើតេស្តកូវីដមួយថ្ងៃម្តង ដល់ការធ្វើតេស្ត ៣ ថ្ងៃម្តង រហូតដល់ការលុបចោលការធ្វើតេស្ត។ល។ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិន បានកែសម្រួលទៅតាមសភាពជាក់ស្តែងនិងចំគោលដៅ ។

អ្វីដែលគួរបញ្ជាក់គឺ ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ ប្រទេសចិននឹងកែសម្រួលកម្រិតបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ពីថ្នាក់ A មកថ្នាក់ B ដែលមានន័យថា ជំងឺកូវីដ-១៩លែងជាជំងឺរាតត្បាតដែលបង្កគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាជនទៀតហើយ ហើយការប្រាស្រ័យទាក់ទងរវាងប្រជាជនចិន និងបណ្តាប្រទេសនានាក៏នឹងវិលទៅរក ប្រក្រតីភាពដូចមុនពេលផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ជាបណ្តើរៗផងដែរ។

៣ ឆ្នាំកន្លងមកនេះ ពិភពលោកបានរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ដែលជាជំងឺរាតត្បាតសកល ហើយទទួលបានផ្លែផ្កាជាច្រើន។ យើងអាចជឿជាក់បានថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសលើសកលលោក នៅចុងបំផុត គំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពីការរួមគ្នា បង្កើតសហគមន៍រួមសុខភាពរបស់មនុស្សជាតិ មុខជាអាចសម្រេចបានជាក់ជាពុំខាន៕

(អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)