(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រកាសនៅថ្ងៃអង្គារនេះថា រយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធារបស់ប្រជាជនតៃវ៉ាន់ នឹងត្រូវបង្កើនពី៤ខែ ឱ្យឡើងដល់១ឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដោយសារតែការកើនឡើងនៃការគំរាមកំហែងដែលដែនកោះនេះកំពុងប្រឈមពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្ការ ទី២៧ ខែធ្នូ ឆ្នាំ២០២២។
ក្រោយចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ជាមួយក្រុមមន្រ្តីសន្តិសុខជាន់ខ្ពស់របស់លោក លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់ចង់បានសុខសន្តិភាព ប៉ុន្តែចាំបាច់ត្រូវមានសមត្ថភាពដើម្បីការពារខ្លួនឯង។ លោកស្រី សៃ បានសង្កត់ធ្ងន់ថា «បច្ចុប្បន្នរយៈពេល៤ខែ នៃការចូលបំពេញកាតព្វកិច្ចយោធា គឺមិនគ្រប់គ្រាន់សម្រាប់ស្ថានការណ៍ក្នុងតំបន់ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាខ្លាំងនោះឡើយ។ យើងបានសម្រេចចិត្តថានឹងស្តារឡើងវិញ នូវរយៈពេល១ឆ្នាំនៃការបំពេញកាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៤ទៅ»។
គួរបញ្ជាក់ថា អតីតរដ្ឋាភិបាលតៃវ៉ាន់បានបន្ថយរយៈពេល នៃការចូលបំពេញកាតព្វកិច្ចយោធាពី១ឆ្នាំ មកដល់៤ខែដូចពេលបច្ចុប្បន្ន ប៉ុន្តែការស្ទង់មតិមួយរយៈចុងក្រោយនេះបានបង្ហាញថា ច្រើនជាងមួយភាគបីនៃសាធារណជនតៃវ៉ាន់ឥឡូវជឿជាក់ថា រយៈពេល៤ខែ គឺហាក់ខ្លីពេកហើយ។
បើតាមលោកស្រី សៃ អ្នកដែលចូលបំពេញកាតព្វកិច្ចយោធា ក៏នឹងត្រូវឆ្លងកាត់ការហ្វឹកហ្វឺនតឹងរ៉ឹងជាងមុន រួមមានទាំងការហាត់បាញ់កាំភ្លើង, ការរៀនសូត្រអំពីយុទ្ធសាស្រ្តប្រយុទ្ធ ដែលប្រើប្រាស់ដោយកងទ័ពអាមេរិក និងការធ្វើប្រតិបត្តិការសព្វាវុធទំនើបៗ ដូចជាមីស៉ីលប្រឆាំងយន្តហោះ ស្ទីងចឺ (Stinger) ហើយនិងមីស៉ីលប្រឆាំងរថក្រោះជាដើម៕