(វ៉ាស៉ីនតោន)៖ ការលុបចោល និងការពន្យារពេលជើងហោះហើរនានា ដោយសារតែបញ្ហាអាកាសធាតុ ដែលរំខានចរាចរណ៍ពាណិជ្ជកម្មផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីចុងសប្តាហ៍មុន បានអូសបន្លាយចូលដល់ថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌ AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេវាតាមដានជើងហោះហើរ FlightAware ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាង ៣,៨០០ជើង ត្រូវបានលុបចោលកាលពីថ្ងៃចន្ទដើមសប្តាហ៍ ក្នុងនោះមាន២,៨០០ជើង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest ឬស្មើនឹងជិត ៧០%នៃគម្រោងជើងហោះហើរសរុបរបស់អាកាសចរណ៍នេះ។ រីឯការពន្យារពេលជើងហោះហើរទៅ និងមកសហរដ្ឋអាមេរិក មានចំនួន ៧,១០០ជើង។

ក្រុមហ៊ុន Southwest Airlines បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាប្រឈមកំពុងជះឥទ្ធិពលដល់អតិថិជន និងនិយោជិតរបស់យើងនៅក្នុងលក្ខខណ្ឌមួយ ដែលមិនអាចទទួលយកបាន។ ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងពិនិត្យមើលលើចំនួនដ៏ច្រើននៃជើងហោះហើរបស់ក្រុមហ៊ុន Southwest Airlines ដែលត្រូវបានលុបចោល និងពន្យារពេល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីកំណត់ថាតើពួកគេអាចគ្រប់គ្រងស្ថានភាពនេះបានឬទេ។

គួរបញ្ជាក់ថា Southwest Airlines ដែលមានមូលដ្ឋាននៅទីក្រុងដាឡាស់ (Dallas) នៃរដ្ឋតិចសាស់ និងជាក្រុមហ៊ុនអាកាសចរណ៍ដែលតម្លៃទាបបំផុតមួយរបស់ពិភពលោក បានប៉ាន់ប្រមាណថា ការរំខានដោយសារកត្តាអាកាសធាតុ អាចនឹងបន្តរហូតដល់ពេលឆ្លងឆ្នាំ នៅចុងសប្តាហ៍នេះ៕