(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល (Yoon Suk Yeol) នៅថ្ងៃអង្គារនេះ បានជំរុញការបង្កើតអង្គភាពយោធា ដែលមានឯកទេសខាងយន្តហោះដ្រូន និងបានរិះគន់លើការឆ្លើយតបរបស់យោធា ចំពោះការឈ្លានពានព្រំដែនដោយយន្តហោះដ្រូនរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

យន្តហោះដ្រូនរបស់កូរ៉េខាងជើងចំនួន ៥គ្រឿង បានឆ្លងចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមសប្តាហ៍ ដែលជំរុញឲ្យទីក្រុងសេអ៊ូលចល័តយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធាប្រភេទប្រយុទ្ធ ហើយព្យាយាមបាញ់ទម្លាក់ដ្រូនទាំងនោះ។ យោធាកូរ៉េខាងត្បូង បានបាញ់ព្រមាននិងប្រហែល ១០០គ្រាប់ ពីឧទ្ធម្ភាគចក្រដែលបំពាក់ដោយកាំភ្លើងយន្ត ប៉ុន្តែបរាជ័យក្នុងការបាញ់ទម្លាក់ ហើយបណ្តោយឲ្យយន្តហោះដ្រូនទាំងនោះ ហោះហើរដោយសេរីលើទីក្រុងមួយចំនួនរបស់កូរ៉េខាងត្បូង រួមទាំងរដ្ឋធានីសេអ៊ូល អស់រយៈពេលប្រហែល ៥ម៉ោង។

លោក យូន បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី យ៉ាងដូច្នេះថា «ឧបទ្ទវហេតុនេះបានបង្ហាញពីការខ្វះខាតយ៉ាងខ្លាំងនៃការត្រៀមខ្លួន និងការហ្វឹកហ្វឺននៃយោធារបស់យើង ហើយវាស្តែងឱ្យឃើញពីភាពចាំបាច់ នៃការត្រៀមខ្លួននិងការហ្វឹកហ្វឺន កាន់តែខ្លាំងជាងនេះថែមទៀត»។ លោក យូន បានបន្ថែមថា «យើងគ្រោងនឹងបង្កើតអង្គភាពដ្រូន ដើម្បីត្រួតពិនិត្យ និងតាមដានទីតាំងយោធាសំខាន់ៗរបស់កូរ៉េខាងជើង ហើយនឹងពន្លឿនផែនការនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយប្តេជ្ញាបង្កើនសមត្ថភាពឃ្លាំមើល និងឈ្លបយកការណ៍ ជាមួយនិងយន្តហោះដ្រូនបំបាំងកាយស៊េរីទំនើប»។

គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើនេះ បានបង្កឲ្យមានចម្ងល់ឡើងវិញអំពី សមត្ថភាពការពារដែនអាកាសរបស់កូរ៉េខាងត្បូង ចំពេលដែលខ្លួនកំពុងព្យាយាមទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង៕