(បរទេស)៖ អំពើហិង្សាដោយកាំភ្លើង គឺជារឿងដែលតែងតែកើតមានឡើងជាញឹកញាប់បំផុត នៅក្នុងសហរដ្ឋអាមេរិក​។ សម្រាប់ឆ្នាំ២០២២នេះ ករណីបាញ់ប្រហារដែលបានឆក់យកជីវិត មនុស្សយ៉ាងរង្គាលបំផុតនៅអាមេរិក គឺបានកើតឡើងនៅឯសាលារៀនមួយ​កន្លែង ក្នុងរដ្ឋតិចសាស់ កាលពីខែឧសភា។ ករណីបាញ់ប្រហារដ៏អាក្រក់នៅអាមេរិកក្នុងឆ្នាំនេះ រួមមានដូចជា៖

៥. កាលពីវេលាយប់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា មានការបាញ់ប្រហារនៅក្នុងក្លឹបកម្សាន្តពេលរាត្រី សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុងខូឡូរ៉ាដូស្រ្តីង (Colorada Springs) នៃរដ្ឋខូឡូរ៉ាដូ (Colorado) ដែលបានបណ្តាលឱ្យ​មានអ្នកស្លាប់៥នាក់ និងរបួស១៩នាក់។

៤. កាលពីថ្ងៃទី៤ ខែកក្កដា បុគ្គលម្នាក់បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលចូលរួមពិធីព្យុហយាត្រា អបអរបុណ្យឯករាជ្យអាមេរិក នៅឯទីក្រុងហៃលែនផាក (Highland Park) រដ្ឋអ៉ីលលីណយ (Illinois) ហើយបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង៤៨នាក់រងរបួស។

៣. ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស៦នាក់ និងបង្កឱ្យរបួស៤នាក់ផ្សេងទៀត មុនពេលធ្វើអត្តឃាតខ្លួនឯងតាមក្រោយ នៅហាងលក់ទំនិញវ៉លម៉ាត (Walmart) មួយកន្លែង ក្នុងទីក្រុងឆេសាភីក (Chesapeake) នៃរដ្ឋវើជីនៀ (Virgina) កាលពីថ្ងៃទី២២ ខែវិច្ឆិកា។

២​. យុវជនវ័យ១៨ឆ្នាំម្នាក់ ដែលបំពាក់ដោយអាវការពារគ្រាប់ បានធ្វើសកម្មភាពបាញ់ប្រហារ កាលពីថ្ងៃទី១៤ ខែឧសភា នៅផ្សារទំនើប ថប់ (Tops) មួយកន្លែង ក្នុងទីក្រុងបាហ្វេឡូ (Buffalo) នៃរដ្ឋញូយ៉ក ដែលបានបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។

១. កាលពីថ្ងៃទី២៤ ខែឧសភា នៅទីក្រុងអ៊ូវ៉ាល់ (Uvalde) នៃរដ្ឋតិចសាស់ (Texas) យុវជនវ័យ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់យាយ​របស់ខ្លួន មុនពេលបើករថយន្តទៅកាន់សាលា Robb Elementary School ហើយចូលដល់ក្នុងបន្ទប់ថ្នាក់រៀនមួយ រួចបាញ់សម្លាប់​មនុស្សរហូតដល់២១នាក់ ក្នុងនោះមានក្មេងៗចំនួន១៩នាក់។ មនុស្ស១៨នាក់ទៀតក៏បានរងរបួសផងដែរ ខណៈខ្មាន់កាំភ្លើងទីបំផុត ត្រូវបានអាជ្ញាធរអាមេរិកបាញ់សម្លាប់ កំលុងការប្រយុទ្ធតតាំងគ្នា៕