(បរទេស)៖ នៅក្នុងឆ្នាំ២០២២នេះ មានគ្រោះរញ្ជួយដីមួយចំនួន ដែលបានបណ្តាលឱ្យមាន មនុស្សបាត់បង់ជីវិតចំនួនច្រើនគួរសម ជាពិសេសគឺរញ្ជួយដីនៅឯប្រទេសអាហ្វហ្កានីស្ថាន កាលពីខែមិថុនា ដែលមានមនុស្សជាង ១,០០០នាក់ស្លាប់។ ខាងក្រោមគឺជា ហេតុការណ៍គ្រោះរញ្ជួយដីទាំង៨ ដែលបានសម្លាប់មនុស្សច្រើនជាងគេ ក្នុងឆ្នាំនេះ៖

៨. គ្រោះរញ្ជួយដីកម្រិត៧.០រ៉ិចទ័ នៅតំបន់ឃ័រឌីលឡឺរ៉ា (Cordillera) លើកោះលូហ្សុន (Luzon) ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៧ ខែកក្កដា បានផ្តាច់ជីវិតមនុស្ស១១នាក់។

៧. គ្រោះរញ្ជួយដីកម្រិត៥.១រ៉ិចទ័រ នៅខេត្តគូណារ (Kunar) ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី៤ ខែកញ្ញា បានផ្តាច់ជីវិតមនុស្ស ១៨នាក់។

៦. គ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ នៅខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានផ្តាច់ជីវិតមនុស្ស១៩នាក់។

៥. គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ នៅខេត្តម៉ូរ៉ូបេ (Morobe) ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេនៃតំបន់ប៉ាស៉ីហ្វិក កាលពីថ្ងៃទី១០ ខែកញ្ញា បានផ្តាច់ជីវិតមនុស្ស២១នាក់។

៤. គ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រ នៅខេត្តបាកហ្គីស (Badghis) ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៧ ខែមករា បានផ្តាច់ជីវិតមនុស្ស៣០នាក់។

៣. គ្រោះរញ្ជួយដីកម្រិត៦.៦រ៉ិចទ័រ នៅខេត្តស៉ីឈាន់ (Sichuan) ប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា បានផ្តាច់ជីវិតមនុស្ស ៩៣នាក់។

២. គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ នៅខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានផ្តាច់ជីវិតមនុស្សចន្លោះ ៣៣៥-៦៣៥នាក់។

១. គ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ នៅខេត្តខូស (Khost) ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី២២ ខែមិថុនា បានផ្តាច់ជីវិតមនុស្ស ១,១៦៣នាក់៕