(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ព្យុះព្រិលដែលមិនធ្លាប់មាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧នាក់ នៅសហរដ្ឋអាមេរិក ក្នុងនោះ ២៧នាក់ នៅភាគខាងលិចតំបន់អេរី ខោនធី (Erie County) នៃទីក្រុងញូវយ៉ក។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

អភិបាលតំបន់ Erie County លោក ម៉ាក ផូឡុនខាស់ (Mark Poloncarz) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏ខ្លាំងក្លានេះ នឹងកើនឡើងថែមទៀត ខណៈព្រិលបានបន្តគ្របដណ្តប់ពាសពេញតំបន់ Erie ធ្វើឲ្យផ្លូវជាច្រើនមិនអាចឆ្លងកាត់បាន រួមទាំងតំបន់ភាគច្រើននៃទីក្រុងប៊ូសហ្វាឡូ (Buffalo) ផងដែរ។

លោក ផូឡុនខាស់ បានគូសបញ្ជាក់ថា «យើង អាចមើលឃើញពីចំនួនអ្នករងគ្រោះត្រឹមរយៈពេលខ្លី ប៉ុន្តែវាមិនទាន់ចប់ទេ»។ គេរំពឹងថាព្រិលនឹងបន្តធ្លាក់នៅតំបន់ Erie County រហូតដល់រសៀលថ្ងៃអង្គារ (ម៉ោងនៅអាមេរិក)។ នៅទូទាំងប្រទេស សីតុណ្ហភាពបានធ្លាក់ចុះ ហើយព្រិលធ្លាក់បានរំខានដល់ការធ្វើដំណើរនានា។

គួរបញ្ជាក់ថា ព្យុះព្រិលដែលបានវាយប្រហារទីក្រុងប៊ូហ្វហ្វាឡូ (Buffalo) ដោយខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានគេប្រៀបធៀប ទៅនឹងព្យុះព្រិល កាលពីឆ្នាំ១៩៧៧ រយៈពេល៣ថ្ងៃនៅក្នុងទីក្រុងមួយនេះ ដែលគេអោយឈ្មោះថា ប្លីហ្សាដ (Blizzard) បណ្តាលឲ្យមនុស្ស២៩នាក់ស្លាប់ ហើយភាគច្រើន នៃអ្នកស្លាប់ទាំងនេះ គឺដោយសារតែជាប់គាំងនៅក្នុងរថយន្ដរបស់ពួកគេ៕