(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ក្នុងថ្ងៃបុណ្យណូអែល នៅភាគខាងត្បូងនៃប្រទេស បានកើនឡើងដល់ ១៣នាក់ហើយ ខណៈការស្វែងរកអ្នកបាត់ខ្លួន ២៣នាក់កំពុងបន្ត ស្របពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថា ករណីស្លាប់ភាគច្រើនគឺបណ្តាលមកពីការលង់ទឹកពីទឹកជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល ២ថ្ងៃ បានរំខានដល់ការប្រារព្ធពិធីបុណ្យណូអែល និងបានបង្ខំមនុស្សជាង ៤៥,០០០នាក់ ត្រូវជម្លៀសខ្លួនទៅមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន។

លោក កាមេលីតូ ហឺរាយ (Carmelito Heray) ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ ប្រចាំទីក្រុងក្លារី (Clarin) នៃខេត្តមីសាមីស អូកស៉ីដេនតាល់ (Misamis Occidental) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា «ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ហើយការខូចខាតដល់វិស័យកសិកម្មកំពុងត្រូវបានវាយតម្លៃ»។ រីឯ អភិបាលក្រុងក្លារី (Clarin) លោក អេមេតឺរីយ៉ូ រ៉ូអា (Emeterio Roa) ក៏បានឱ្យដឹងដែរថា «ការខូចខាតដ៏ធំនៅទីនេះគឺសត្វពាហនៈ ពីព្រោះជ្រូក មាន់ ពពែ និងគោ បានបាត់ខ្លួនទៅតាមទឹក»។

គួរបញ្ជាក់ថា មិនមានព្យុះត្រូពិចនៅក្នុងថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត របស់ប្រទេសកាន់សាសនាកាតូលិកមួយនេះទេ ប៉ុន្តែខ្សែបន្ទាត់កាត់តំបន់ដែលជាខ្យល់ក្តៅ និងត្រជាក់ ប៉ះគ្នា បណ្តាលឲ្យមានភ្លៀងធ្លាក់នៅភាគខាងត្បូងប្រទេស៕