(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន បានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកព្រំដែនរបស់ខ្លួនឡើងវិញ គិតចាប់តាំងពីបានបិទព្រំដែនមួយផ្នែកធំ កាលពីដើមឆ្នាំ២០២០មក។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ហេតុផលនៃការសម្រេចចិត្តបែបនេះ គឺដោយសារតែការឆ្លង មិនសូវមានភាពធ្ងន់ធ្ងរ ហើយកូវីដ១៩ នឹងវិវត្តបន្តិចម្តងៗទៅជាការឆ្លងមេរោគផ្លូវដង្ហើមធម្មតា។

អាជ្ញាធរសុខាភិបាលចិន បានបន្ថែមថា តម្រូវការយ៉ាងតឹងរ៉ឹងសម្រាប់អ្នកដំណើរក្នុងប្រទេស រួមទាំងការធ្វើចត្តាឡីស័ករយៈពេល ៥ថ្ងៃ នៅឯកន្លែងត្រួតពិនិត្យដោយរដ្ឋាភិបាល និងការបន្តស្នាក់នៅដាច់ដោយឡែកចំនួន ៣ថ្ងៃបន្ថែមទៀតនៅផ្ទះ នឹងត្រូវលុបចោល។ អ្នកដំណើរដែលចូលមកប្រទេសចិន គ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្ត PCR រយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរប៉ុណ្ណោះ។

ជាមួយគ្នានេះ ការរៀបចំសម្រាប់ជនបរទេសចូលមកប្រទេសចិន ដូចជាសម្រាប់ការងារ និងអាជីវកម្ម នឹងត្រូវបានកែលម្អ ហើយទិដ្ឋាការចាំបាច់ក៏នឹងត្រូវបានជួយសម្រួល ផងដែរ។ រីឯ ច្រកចូល និងចេញរបស់អ្នកដំណើរនៅកំពង់ផែសមុទ្រ និងផ្លូវគោកនឹងបន្តឡើងវិញជាបណ្តើរៗ ខណៈការធ្វើដំណើរទៅក្រៅប្រទេសរបស់ជនជាតិចិន នឹងត្រូវសម្រួលឡើងវិញតាមលំដាប់លំដោយ៕