(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាលោកបានស្នើឱ្យឥណ្ឌា ផ្ដល់ការគាំទ្រ និងជួយដល់ការអនុវត្តផែនការសន្តិភាពរបស់លោក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ហ្សេលេនស្គី និងលោក ម៉ូឌី ធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលឥណ្ឌាបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី ក្នុងបរិបទ បណ្ដាប្រទេសលោកខាងលិចដាក់ចេញវិធានការដាក់ទណ្ឌកម្មថ្មីៗបន្ថែម សំដៅរារាំងកុំឱ្យទីក្រុងមូស្គូមានលុយយកទៅធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ហើយជូនពរឥណ្ឌាឱ្យទទួលបាន ជោគជ័យក្នុងនាមអាណត្តិជាប្រធាន G20... នៅលើបណ្ដាញទំនាក់ទំនងសង្គមនេះ ហើយដែលខ្ញុំបានប្រកាសពីផែនការសន្តិភាព ហើយបច្ចុប្បន្ន ខ្ញុំស្នើឱ្យមានការចូលរួមពី ឥណ្ឌា នៅក្នុងការអនុវត្តផែនការនេះ»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីខែវិច្ឆិកាកន្លងទៅ ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេស G20 អនុម័តទទួលស្គាល់ផែនការសន្តិភាព១០ចំណុចរបស់លោក ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។ ឥណ្ឌានឹងកាន់តំណែងជាប្រធាន G20 នៅឆ្នាំ២០២៣ខាងមុខ ហើយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា លោក ហ្សេលេនស្គី និងលោក ម៉ូឌី បានពិភាក្សាគ្នាពីឱកាសនៃការពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា ខណៈទីក្រុងញូវដេលីគាំទ្រជានិច្ចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក សន្តិភាព៕