(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ ដោយចាត់ទុកថាវាជាសកម្មភាពបង្កហេតុ និងបង្កអស្ថិរភាព។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងនឹង បន្តផ្ដល់ការគាំទ្រដល់តៃវ៉ាន់ ដើម្បីរក្សាឱ្យបាននូវសមត្ថភាពការពារខ្លួនឯង ស្របទៅនឹងការប្ដេជ្ញាចិត្តជាយូរមកហើយរបស់យើង ព្រមទាំងស្របទៅនឹង គោលនយោបាយចិនតែមួយរបស់យើង»

គួរបញ្ជាក់ថា ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃចន្ទស​ប្ដាហ៍នេះដែរថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៤៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ចិនបានដឹកនាំការធ្វើសមយុទ្ធវាយប្រហារនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការបង្កហេតុពីកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ សមយុទ្ធនេះមានការចូលរួមពីយន្ដហោះចម្បាំង ៧១គ្រឿង ក្នុងនោះរួមមាន៦០គ្រឿងជាយន្ដហោះចម្បាំងប្រយុទ្ធ៕