(ឡុងដ៍)៖​ តាមរយៈសុន្ទរកថាប្រកាសបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅចម្បងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះគឺគ្រប់គ្រងរដ្ឋធានីកៀវ និងលើកបន្តុបរបបដឹកនាំថ្មីមួយនៅអ៊ុយក្រែន ឱ្យបានលឿនបំផុត។ នេះក៏ធ្លាប់ជាផែនការរបស់ទីក្រុងមូស្គូ សម្រាប់ការឈ្លានពានរបស់ អតីតសហភាពសូវៀតលើអាហ្វហ្កានីស្ថាន កាលពីឆ្នាំ១៩៧៩ផងដែរ ដោយរយៈពេលជាង ៤ទសវត្សរ៍ក្រោយមក លោក ពូទីន បានដើរតាមគន្លងនេះដែលមានអំនួតលើខ្លួន ឯងខ្លាំងពេកសាជាថ្មី តាមរយៈការឈ្លានពានចូលអ៊ុយក្រែន នៅក្រោម «ស្លាកប្រតិបត្តិការយោធាពិសេស»។

ការឈ្លានពានរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអាហ្វហ្កានីស្ថាន កាលពីឆ្នាំ១៩៧៩ បានបណ្ដាលឱ្យកងទ័ពសូវៀត ១៥,០០០នាក់បានស្លាប់ និងបានអូសបន្លាយសង្រ្គាមដល់ទៅ រយៈពេល ១០ឆ្នាំ ជាមួយការបិទបញ្ចប់ដោយការដកងទ័ពចេញពីអាហ្វហ្កានីស្ថាន។ នៅក្នុងសង្រ្គាមអ៊ុយក្រែនវិញ ជាទីដែលកងទ័ពរុស្ស៉ីជាង ១០០,០០០នាក់ត្រូវបាន រាយការណ៍ថាបានស្លាប់ និងរងរបួស ក្នុងរយៈពេលត្រឹមតែ១០ខែមកនេះ វិមានក្រឹមឡាំងនៅតែការធ្វើសង្រ្គាមរបស់ខ្លួនដដែល អមដោយការបង្កើនយុទ្ធនាការទម្លាក់ គ្រាប់បែក។ កងទ័ពរុស្ស៉ី បានបរាជ័យក្នុងការវាយកាន់កាប់រដ្ឋធានីកៀវ ហើយកងទ័ពអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីជាងពាក់កណ្ដាល ដែលកងទ័ពរុស្ស៉ី បានកាន់កាប់នៅពេលសង្រ្គាមផ្ទុះឡើងប៉ុន្មានខែដំបូង។

ក៏ប៉ុន្តែ រុស្ស៉ីមិនទាន់ដកថយនោះទេ ហើយលោក ហ្សេលេនស្គី និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានព្រមានម្ដងហើយម្ដងទៀតថារុស្ស៉ីមាន​ផែនការបើកការវាយលុកតាមផ្លូវគោក ជាថ្មីលើរដ្ឋធានីកៀវ។ ចុះនៅមានមេរៀនអ្វីទៀតដែលអាចទាញចេញពីសង្រ្គាមនៅអ៊ុយក្រែន? បើតាមក្រុមមន្ត្រីយោធា និងអ្នកជំនាញលោកខាងលិច ពិភពលោកសព្វថ្ងៃ កំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះសង្រ្គាមធំគ្រប់ពេលវេលា ដែលនេះតម្រូវឱ្យបណ្ដាប្រទេសនានាត្រូវតែពង្រឹងសមត្ថភាពឧស្សាហកម្មអាវុធ និងស្ដុកទុកអាវុធចាំបាច់ នានា ដើម្បីការពារខ្លួនឯង ជាជាងពឹងផ្អែកទាំងស្រុងលើអ្នកដទៃ។

លោកខាងលិចបានបញ្ជូនជំនួយយោធាច្រើនជាង ៤០ពាន់លានដុល្លារដល់អ៊ុយក្រែន រីឯសហរដ្ឋអាមេរិកក៏នឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot នៅក្រោមកញ្ចប់ ជំនួយយោធា ១.៨៥ពាន់លានដុល្លារផងដែរ។ តែទោះជាបែបនេះក្ដី ដោយសារតែព្រួយបារម្ភពីការផ្ទុះជម្លោះ ឬសង្រ្គាមដោយផ្ទាល់រវាង NATO​ និងរុស្ស៉ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួននៅតែជំទាស់ទៅនឹងការផ្គត់ផ្គត់អាវុធទំនើបៗមួយចំនួនដែលទីក្រុងកៀវចង់បានដូចជារថក្រោះ មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្ដហោះចម្បាំងជាដើម។ ដូច្នេះសំណួរសំខាន់សម្រាប់ឆ្នាំ២០២៣ នោះគឺថាតើអាវុធប្រភេទណា និងជំនួយយោធាទំហំប៉ុនណាដែលលោកខាងលិចត្រូវបន្តបញ្ជូនឱ្យ ទីក្រុងកៀវ។

មេរៀនទី៣ សម្រាប់រុស្ស៉ីខ្លួនឯង គឺសារៈសំខាន់នៃគុណភាពប្រសើរជាងបរិមាណ។ ក្នុងន័យនេះទោះជាមានកងទ័ពច្រើនលើសលប់ ឬមានអាវុធទំនើបៗ ក៏វាមិនមានន័យអ្វី នោះដែរ ប្រសិនបើមេដឹកនាំមិនមានភាពឈ្លាសវៃ ហើយកងទ័ពគ្មានស្មារតីប្រយុទ្ធដូចជាករណីកងទ័ពរុស្ស៉ី។ ម្លោះហើយដើម្បីដោះស្រាយបញ្ហាទាំងនេះ លោក ពូទីន កាលពីខែតុលាកន្លងទៅ បានតែងតាំងលោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន (Sergey Surovikin) ឱ្យដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោក ស៊ូរ៉ូវីគីន ដែលធ្លាប់ដឹកនាំ សង្រ្គាមនៅស៉ីរីដោយជោគជ័យ ត្រូវបានក្រុមអ្នកជំនាញខាងយោធាចាត់ទុកថាជាមេបញ្ជាការមានសមត្ថភាពខ្លាំង បើធៀបទៅនឹងមេបញ្ជាការរុស្ស៉ីមុនៗ នៅក្នុងសង្រ្គាម អ៊ុយក្រែន។

លោក ស៊ូរ៉ូវីគីន បានពង្រឹងកងកម្លាំងរុស្ស៉ីនៅសមរភូមិ តាមរយៈការជ្រើសរើសកងទ័ពបន្ថែមពីកងទ័ពជាង ៣០០,០០០នាក់ដែលត្រូវបានកែន។ មិនតែប៉ុណ្ណោះ លោកក៏បាន ដឹកនាំការដកថយដោយជោគជ័យចេញពីទីក្រុងខឺសុន ជាទីដែលកងទ័ពរុស្ស៉ីបានសិ្ថតនៅក្នុងគ្រោះថ្នាក់ក្លាយជាឈ្លើយសឹករបស់អ៊ុយក្រែន ព្រមទាំងផងដែរនូវជំហរការពារ ដែលបាន និងកំពុងកាត់បន្ថយឱកាសជ័យជម្នះនៃប្រតិបត្តិការវាយលុកក្នុងរដូវរងារបស់អ៊ុយក្រែន។ ជាការពិតណាស់ អ៊ុយក្រែនកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នា ដោយសារតែកងទ័ពស្លាប់ និងរបួស តែកងទ័ពអ៊ុយក្រែននៅតែមានស្មារតីប្រយុទ្ធខ្ពស់ជាងកងទ័ពរុស្ស៉ី។

មេរៀនទី៤ នោះគឺសារៈសំខាន់នៃសាមគ្គីភាពនៅក្នុងចំណោមប្រជាជន និងមេដឹកនាំ ក្នុងការគាំទ្រដល់កងទ័ពនៅសមរភូមិ។ ជាឧទាហរណ៍ ក្រុមអ្នកជំនាញខាង software របស់អ៊ុយក្រែនបានបង្កើតកម្មវិធីជាច្រើន ដើម្បីជួយដល់កងទ័ពរបស់ខ្លួនកំណត់គោលដៅវាយប្រហារលើកងទ័ពរុស្ស៉ី ខណៈចុងភៅស្ម័គ្រចិត្តចំអិនម្ហូបឱ្យកងទ័ពអ៊ុយក្រែន នៅសមរភូមិ ហើយអ្នកស្ម័គ្រចិត្តនៅតែបន្តរៃអង្គាសថវិកាទិញបរិក្ខារយោធា។ «មួយភាគធំនៃជោគជ័យរបស់អ៊ុយក្រែននៅលើសមរភូមិ មានចំណែកមកពីសាមគ្គីភាព នៅក្នុងសង្គម និការគាំទ្រដល់កងទ័ព»។ នេះជាការលើកឡើងរបស់លោក Timothy Snyder ប្រវតិ្តវិទូមកពីសាកលវិទ្យាល័យ Yale។

កាលពីខែតុលាកន្លងទៅ ការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថាន Gallup បានបង្ហាញថា៧០ភាគរយនៃប្រជាជនអ៊ុយក្រែន ចង់ឱ្យបន្តធ្វើសង្រ្គាមរហូតដល់ទទួលបាន ជ័យជម្នះ និងច្រើនជាង៩០ភាគរយជឿថាជ័យជម្នះមានន័យថាការដណ្ដើមយកមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៉ីបានរឹបអូស ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលលោក ពូទីន កាត់បញ្ចូលជាទឹកដីរុស្ស៉ីកាលពីឆ្នាំ២០១៤។

មេរៀនទី៥ ដែលអាចជាមេរៀនសំខាន់បំផុតពីសង្រ្គាមអ៊ុយក្រែន គឺការធ្វើសង្រ្គាមនៅគ្រប់សមរភូមិ ដោយមិនមែនត្រឹមតែជាការធ្វើសង្រ្គាមដោយប្រើប្រាស់រថក្រោះ គ្រាប់រ៉ុក្កែត និងកាំភ្លើងនោះទេ។ កងទ័ពរុស្ស៉ីបាន និងកំពុងដឹកនាំប្រតិបត្តិការទម្លាក់គ្រាប់បែក ក្នុងនោះរួមមានទាំងការបាញ់ស្រោចមីស៊ីល និងការប្រើយន្ដហោះដ្រូន វាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន សំដៅបំបាក់ស្មារតី ឆន្ទៈរបស់កងទ័ព និងប្រជាជនអ៊ុយក្រែន ក៏ដូចជាបង្កលំហូរជនភៀសខ្លួនទៅកាន់អឺរ៉ុប។ លោក ពូទីន ក៏បានព្រមានកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៅកាន់អឺរ៉ុប នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់ ហើយខណៈអ៊ុយក្រែនកំពុងនាំចេញគ្រាប់ធញ្ញជាតិនៅក្រោម កិច្ចព្រមពៀងមួយដោយមានកិច្ចសម្របសម្រួលពីរុស្ស៉ី និងតួកគី កងទ័ពជើងទឹករុស្ស៉ីនៅតែបន្តគ្រប់គ្រងតំបន់សមុទ្រខ្មៅនៅឡើយ ដែលអាចបិទផ្លូវនាំចេញរបស់អ៊ុយក្រែន គ្រប់ពេល។

នៅត្រង់នេះ លោក Mark Galeotti ជាអ្នកវិទ្យាសាស្ត្រនយោបាយយល់ថា «សាររបស់លោក ពូទីន គឺខណៈសង្រ្គាមនៅតែបន្ត លោកអាចខ្ទប់សេដ្ឋកិច្ចអ៊ុយក្រែន បានគ្រប់ពេល ហើយនេះជាយុទ្ធសាស្ត្រនយោបាយមួយដែលត្រូវបង្កើតឡើងដើម្បីកាត់ផ្ដាច់អ៊ុយក្រែនពីលោកខាងលិច ឬអាចនិយាយមួយបែបទៀតបានថាសង្រ្គាមសព្វថ្ងៃ មិនមែនពឹងផ្អែកត្រឹមតែលើសព្វាវុធប៉ុណ្ណោះទេ។ បើតាមលោក Galeotti ទោះបីជាភាគីទាំងសងខាង ហត់នឿយ ឬអស់ខ្យល់ក្នុងសង្រ្គាមរហូតដល់មានបទឈប់បាញ់មួយ ក៏ដោយ ក៏ការឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន នៅតែអាចធ្វើឡើងដដែលក្រោមរូបភាពផ្សេង៕