(បាងកក)៖ កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) នៅតែបន្តជាជម្រើសនាំមុខ​គេបំផុតដដែល សម្រាប់តំណែងនាយករដ្ឋមន្រ្តី ដោយយោងតាមលទ្ធផលស្ទង់មតិថ្មីមួយ មុនការបោះឆ្នោតសកល ដែលនឹង​ត្រូវរៀបចំឡើងនៅឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយ វិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល NIDA របស់ប្រទេសថៃ អ្នកនាង ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលមានវ័យ៣៦ឆ្នាំ គឺជាជម្រើសកំពូលក្នុងការកាន់តំណែងជាមេដឹកនាំថ្មីរបស់ថៃ សម្រាប់អ្នកចូលរួមស្ទង់មតិចំនួន ៣៤ភាគរយ ខណៈវាច្រើនជាងការគាំទ្ររបស់នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា ដែលជាគូប្រជែងប្រកៀកប្រកិតជាងគេរបស់អ្នកនាង ដល់ទៅជាង​ទ្វេដង។

សំឡេងគាំទ្ររបស់អ្នកនាង ផែថងថាន បានកើនឡើងពី២១ភាគរយ ក្នុងការស្ទង់មតិកាលពីខែកញ្ញា ខណៈដែលការគាំទ្ររបស់លោក ប្រាយុទ្ធ បានកើនពី១០ភាគរយ មកដល់១៤ភាគរយ។ លោក ប្រាយុទ្ធ នេះហើយ គឺជាអ្នកដែលបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់ រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ (Yingluck Shinawatra) ដែលត្រូវជាមីងរបស់អ្នកនាង កាលពីឆ្នាំ២០១៤។ ចំណែកឪពុកអ្នកនាង គឺ​លោក ថាក់ស៉ីន ក៏ត្រូវបានយោធាធ្វើរដ្ឋប្រហារដែរ កាលពីឆ្នាំ២០០៦។

គួរបញ្ជាក់ថា យោងតាមគណៈកម្មការបោះឆ្នោតរបស់ថៃ គឺប្រទេសអាស៊ានមួយនេះ ត្រូវតែរៀបចំការបោះឆ្នោតសកលអាណត្តិថ្មី ឱ្យបាននៅត្រឹមខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ អ្នកនាង ផែថងថាន គឺជាសមាជិកជាន់ខ្ពស់ម្នាក់ នៅក្នុងគណបក្សភឿថៃ (Pheu Thai) ប៉ុន្តែគណបក្សពុំទាន់ប្រកាសយក អ្នកនាងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅឡើយទេ៕