(ប៉េកាំង)៖ កិច្ចប្រជុំការងារជនបទមជ្ឈិមបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយបានថ្លែងសុន្ទរកថាដ៏សំខាន់ដោយសង្កត់ធ្ងន់ថា ជំរុញគ្រប់ជ្រុងជ្រោយនូវការស្តារជនបទឡើងវិញ និងពន្លឿនការកសាងប្រទេសកសិកម្មខ្លាំងក្លា គឺជាការដាក់ពង្រាយយុទ្ធសាស្ត្រ ដែលបានធ្វើឡើងដោយគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ដចិន ក្នុងគោលបំណងកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។

លោកបន្តថា ប្រទេសខ្លាំងត្រូវពឹងលើវិស័យកសិកម្មខ្លាំងជាអាទិភាព ហើយមានតែកសិកម្មខ្លាំង ទើបធ្វើឱ្យប្រទេសអាចខ្លាំងក្លាបាន។ បើប្រទេសគ្មានកសិកម្មដ៏ខ្លាំងទេ នោះក៏គ្មានប្រទេសទំនើបដ៏ខ្លាំងដែរ បើគ្មានទំនើបកម្មកសិកម្ម និងជនបទ ទំនើបកម្មសង្គមនិយមនឹងមិនពេញលេញទេ។ យើងត្រូវខិតខំបំពេញការងារ ឱ្យបានល្អក្នុងកិច្ចការទាំងបីគឺ កសិកម្ម ជនបទនិងកសិករ ដែលផ្តោតសំខាន់លើការស្តារជនបទឡើងវិញ ជំរុញទំនើបកម្មកសិកម្ម និងជនបទឱ្យបានខ្លាំងក្លា ដើម្បីខិតខំពន្លឿនការកសាងប្រទេសកសិកម្មដ៏រឹងមាំ។

លោក Xi Jinping បានថ្លែងថា ប្រទេសកសិកម្មដ៏ខ្លាំងក្លា គឺជាមូលដ្ឋានគ្រឹះនៃប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់ប្រជាជនសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង ការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ គឺមិនអាចកាត់ផ្តាច់ពីការអភិវឌ្ឍកសិកម្មបានទេ។ ការកសាងប្រទេសកសិកម្មដ៏ខ្លាំងក្លា គួរតែបង្កប់នូវលក្ខណៈពិសេសរបស់ប្រទេសចិន ឈរលើសភាពការណ៍ជាក់ស្តែង របស់ប្រទេសចិន ផ្អែកលើដីស្រែតិចតែមនុស្សច្រើន ប្រវត្តិសាស្ត្រនៃអរិយធម៌កសិកម្ម និងតម្រូវការនៃសម័យកាលនៃការរួមរស់ ប្រកបដោយសុខដុមរមនារវាង មនុស្ស និងធម្មជាតិ ហើយដើរតាមមាគ៌ាផ្ទាល់ខ្លួនរបស់យើង ជៀសវាងកុំឱ្យចម្លងគំរូកសិកម្មទំនើបរបស់បរទេស។ ប្រទេសចិនត្រូវពឹងផ្អែកលើកម្លាំងរបស់ខ្លួនផ្ទាល់ ដើម្បីអភិវឌ្ឍកសិកម្មអេកូឡូស៊ី និងកាបូនទាប បន្តអរិយធម៌កសិកម្ម និងជំរុញភាពរុងរឿងរួមគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន