(ប៉េកាំង)៖ ស្រែចម្ការជាកន្លែងដែលលោក Xi Jinping ប្រធានរដ្ឋចិនតែងចុះទៅត្រួតពិនិត្យពេលលោកចុះទៅ ធ្វើការនៅមូលដ្ឋាន។ ពេញមួយឆ្នាំ២០២២ លោកបានចុះទៅស្រែចម្ការជាច្រើនលើក តើប្រមូលស្បៀងបានច្រើនឬតិច តើកសិឧស្សហកម្មអភិវឌ្ឍយ៉ាងដូចម្តេច តើបងប្អូនកសិករទទួលបានប្រាក់ចំណូលច្រើនទេ រឿងរ៉ាវទាំងនេះលោកបានតាមដាន យកចិត្តទុកដាក់យ៉ាងខ្លាំង។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំនេះ លោក Xi Jinping បានទៅពិនិត្យការងារនៅភូមិ Yongfeng ខេត្ត Sichuan ដែលស្ថិតនៅតំបន់ភាគនីរតីប្រទេសចិន លោកបានដើរក្នុងស្រែពិនិត្យសភាពលូតលាស់នៃសំណាប និងបានសួរនាំពីស្ថានភាពដាំសំណាប ជាមួយអ្នកជំនាញកសិកម្មដែលឈរនៅក្បែរ។

ស្រែក្នុងភូមិនោះជាមូលដ្ឋានដាំដំណាំស្រូវតាមស្តង់ដារខ្ពស់ ស្រូវចំនួនជាង១០០ប្រភេទត្រូវសាកល្បងដាំនៅនេះ ដើម្បីយកមកប្រៀបធៀបគ្នារហូតដល់ជ្រើសរើសបានប្រភេទពូជល្អប្រសើរដែលងាយដាំដុះជាទូទៅបាន ពោលគឺស្វែងរកគ្រាប់ពូជស្រូវល្អដើម្បីផ្តល់មូលដ្ឋានដ៏រឹងមាំដល់ការប្រមូលផលបានច្រើន។ លោក Xi Jinping បានគូសបញ្ជាក់ថា ចិននឹងបន្តជំរុញទំនើបកម្មនៃកសិកម្ម ដែលប្រកបដោយភាពបៃតង អេកូឡូស៊ី និងមានប្រសិទ្ធភាពខ្ពស់។

កាលពីខែមេសាឆ្នាំនេះ លោក Xi Jinping បានចុះទៅត្រួតពិនិត្យការងារនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ហើយលោកបានទៅដល់បន្ទប់ពិសោធន៍គ្រាប់ពូជថ្នាក់ជាតិភ្លាម និងបានបញ្ជាក់ថា ត្រូវសម្រេចសុវត្ថិភាពស្បៀងអាហារ ដោយពឹងផ្អែកលើគ្រាប់ពូជរបស់ខ្លួន។ គួរបញ្ជាក់ថាតាមទិន្នន័យថ្មីបំផុតដែលក្រសួងកសិកម្ម និងជនបទចិនទើបប្រកាសបានដឹងថា បច្ចុប្បន្ននេះអត្រាគ្រាប់ពូជល្អរបស់ដំណាំចិនបានលើសពី៩៦% ក្នុងនោះទំហំដែលប្រើគ្រាប់ពូជម្ចាស់ការរបស់ចិនមានដល់ទៅ ៩៥% ពោលគឺស្បៀងអាហារដែលផ្គត់ផ្គង់ឱ្យប្រជាជនចិនភាគច្រើន គឺទទួលបានការដាំដុះគ្រាប់ពូជរបស់ប្រទេសចិន។

ពេលចុះទៅក្នុងស្រែចម្ការ លោក Xi Jinping យកចិត្តទុកដាក់នឹងសភាពលូតលាស់នៃដំណាំផង ផ្តោតសំខាន់លើជីវភាពរស់នៅ ប្រចាំថ្ងៃរបស់កសិករផង។ កាលពីខែកក្កដា ឆ្នាំនេះ លោក Xi Jinping បានទៅធ្វើការនៅភូមិភាគស្វយ័ត្ន Xinjiang នៃភាគពាយ័ព្យចិន លោកបានទៅដល់សួនចម្ការផ្លែទំពាំងបាយជូរ ស្វែងយល់ពីការអភិវឌ្ឍឧស្សាហកម្មផ្លែឈើពិសេស នៃកន្លែងជុំវិញ ហើយលោកបានបញ្ជាក់ថា ត្រូវបន្តជំរុញឱ្យវិស័យវប្បធម៌ និងទសេចរណ៍អភិវឌ្ឍន៍ជាមួយគ្នា ដើម្បីក្លាយជាឧស្សាហកម្មតំឡើងប្រាក់ចំណូលរបស់ប្រជាកសិករ។

ឧស្សាហកម្មអភិវឌ្ឍយ៉ាងល្អគឺជា ចំណែកសំខាន់នៃការអភិវឌ្ឍន៍ជនបទ។ កាលពីខែតុលាឆ្នាំនេះ លោក Xi Jinping បានទៅដល់ខេត្ត Shanxi។ ឆ្នាំនេះផ្លែប៉ោមទទួលបានផ្លែច្រើន លោកបានទៅពិនិត្យផ្ទាល់ ក្នុងចម្ការផ្លែប៉ោមនៃភូមិ Nangou ក្រុង Yanan បានសួរយ៉ាងលម្អិតអំពីបច្ចេកទេសដាំផ្លែប៉ោម តម្លៃលក់ ចំណូលរបស់អ្នកភូមិជាដើម។ ផ្លែប៉ោមទីនេះត្រូវបានលក់ទៅកាន់ គ្រប់កន្លែងទូទាំងប្រទេសចិន និងនាំចេញទៅប្រទេសអាស៊ីអាគ្នេយ៍ រហូតដល់ត្រូវបានដឹកជញ្ជូនចូលក្នុង ស្ថានីយអវកាសប្រទេសចិនទៀតផង។

ឱនមើលសភាពលូតលាស់របស់សំណាប សំណេះសំណាលគ្នាលេងជាមួយកសិករ លោក Xi Jinping តែងចុះទៅស្រែចម្ការ ដើម្បីស្វែងយល់ពីការងារកសិកម្មដោយផ្ទាល់ ព្រោះលោកយកចិត្តទុកដាក់នឹងបញ្ហាសុវត្ថិភាពស្បៀងអាហារ របស់ប្រទេសចិនជារហូត យកចិត្តទុកដាក់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋចិនជារហូត៕

វិទ្យុមិត្តភាពកម្ពុជាចិន