(ប៉េកាំង)៖ ថ្ងៃទី២៤ ខែធ្នូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបសំបុត្ររបស់សិល្បករនៃក្រុមសិល្បៈបូព៌ាចិន ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យខិតខំរៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តដោយស៊ីជម្រៅ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេសសង្គមនិយមដែលខ្លាំងខាងវប្បធម៌។

លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២២ជាខួប៧០ឆ្នាំនៃការបង្កើត ក្រុមចម្រៀងនិងរបាំមជ្ឈិមនិងខួប៦០ឆ្នាំ នៃការបង្កើតក្រុមចម្រៀងនិងរបាំបូព៌ា ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងការសួរសុខទុក្ខយ៉ាងស្មោះចំពោះ សិល្បករនិងក្រុមការងារគ្រប់រូប។

លោក Xi Jinping បានគូសបញ្ជាក់ថាជាច្រើនឆ្នាំកន្លងទៅនេះ អ្នកទាំងអស់គ្នាបានអនុវត្តយ៉ាងផ្ចិតផ្ចង់ នូវគោលនយោបាយអក្សរសាស្ត្រនិងសិល្បៈ របស់បក្សកុម្មុយនីស្តចិន បង្កើតស្នាដៃអក្សរសាស្ត្រនិងសិល្បៈល្អៗជាច្រើន បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញភាពរុងរឿង និងវឌ្ឍនភាពនៃអក្សរសាស្ត្រនិងសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ជាមួយបរទេស ដែលបានក្លាយទៅជា «ឯកអគ្គរដ្ឋទូតវប្បធម៌» និង «នាមប័ណ្ណវប្បធម៌”នៃប្រទេសចិនថ្មី»

លោកXi Jinping បន្តទៀតថា សង្ឃឹមថា អ្នកទាំងអស់គ្នានឹងរៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តដោយស៊ីជម្រៅ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីដែលចាត់ទុកប្រជាជនជាស្នូល ដើម្បីរួមចំណែកថ្មីសម្រាប់ការអភិវឌ្ឍនៃបុព្វហេតុអក្សរសាស្ត្រនិងសិល្បៈ ការជំរុញជំនឿចិត្តខាងវប្បធម៌ និងការកសាងប្រទេសសង្គមនិយមដែលខ្លាំងខាងវប្បធម៌៕

វិទ្យុមិត្តភាពកម្ពុជាចិន