(កៀវ)៖ បុណ្យគ្រីស្មាស់បានកន្លងផុតទៅហើយ ប៉ុន្តែមានមនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួស នៅមួយថ្ងៃនៃបុណ្យគ្រីស្មាស់បានមកដល់នោះ។ ពលរដ្ឋអ៊ុយក្រែន បាននាំគ្នាធ្វើបុណ្យគ្រីស្មាស់តាមប្រពៃណី និងទំនៀមទំលាប់របស់ខ្លួននៅតាមផ្ទះដែលគ្មានភ្លើងអគ្គីសនីក្នុងស្ថាន ភាពចុះត្រជាក់ក្រោមសូន្យអង្សាសេ។ បុណ្យគ្រីស្មាស់ បានកន្លងផុតទៅប៉ុន្តែបុណ្យនៃដំណាច់ឆ្នាំសកល២០២២ឈានចូលឆ្នាំថ្មី២០២៣ នឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះទៀត គ្រាដែលការឈប់បាញ់គ្នាមិនបានដាក់ចេញ ឡើយ។

លោក ពូទីន បានថ្លែងថារុស្ស៊ីបានត្រៀមខ្លួនជាស្រេចនៅក្នុងការជជែកជាមួយគ្រប់ភាគីដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ ការបញ្ជាក់ជុំវិញការត្រៀម ចរចាបានធ្វើនៅមុនបុណ្យគ្រីស្មាស់ផង និងក្រោយមកត្រូវបានគេចាក់ផ្សាយចំបុណ្យគ្រីស្មាស់ម្តងទៀត ក្នុងពេលដែលស្ថានភាពសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន កំពុងតែតានតឹងជាលំដាប់។ លោក ពូទីនបានចោទថារដ្ឋាភិបាលក្រុងកៀវ និងប្រទេសសម្ព័ន្ធខាងលិចបានបដិសេធ មិនព្រមធ្វើការចរចានោះទេ ប៉ុន្តែលោកពូទីន មិនបានបង្ហាញនូវបំណងចង់ផ្អាកនៃការឈប់បាញ់គ្នានោះផងដែរ សូម្បីតែបុណ្យគ្រីស្មាស់ឬបុណ្យដំណាច់ឆ្នាំសកលនេះ។

ក្នុងកិច្ចសម្ភាសន៍មួយចាក់ផ្សាយតាមទូរទស្សន៍ជាតិរុស្ស៊ី កាលពីថ្ងៃអាទិត្យទី២៥ធ្នូ ចំថ្ងៃបុណ្យគ្រី ស្មាសលោកពូទីនបានបញ្ជាក់នូវសម្តីដែលចង់ ធ្វើការចរ ចារកបញ្ចប់សង្គ្រាម លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងសម្តីបញ្ជាក់ថា «ខ្ញុំជឿថាយើងកំពុងធ្វើក្នុងទិសដៅដ៏ត្រឹមត្រូវ។ យើងការពារផលប្រយោជន៍ជាតិរបស់យើង, ផលប្រយោជន៍របស់ប្រជាជនរបស់យើង។ ខ្ញុំសូមបញ្ជាក់ថាយើងគ្មានជម្រើសអ្វីផ្សេងទៀតទេក្រៅតែពីជម្រើសការពារប្រជាជនរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ យើងបានរៀបចំខ្លួនធ្វើការចរចានូវលទ្ធផលអាចទទួលនានាពី គ្រប់ភាគីចូលរួមទាំងអស់។ប៉ុន្តែរឿងចរចានិងមិនចរចាគឺអាស្រ័យទៅលើភាគីម្ខាងទៀតនោះទេ ហើយវាមិនមែនជារឿងរបស់យើងតែមួយនោះឡើយ»។

សេចក្តីរាយការណ៍បានបង្ហាញថារដ្ឋាភិបាលក្រុងគៀវនិងប្រទេសលោកខាងលិច សង្ស័យថាការអំពាវនាវចរចារបស់រុស្ស៊ីគឺគ្រាន់ជាឧបាយកលដើម្បីការទិញពេលវេលា បន្ទាប់ពីរុស្ស៊ីបានចាញ់ដៃនិងបានដកថយជាបន្តបន្ទាប់ពីលើសមរភូមិ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhhailo Podolyak បានថ្លែងប្រតិកម្មវិញថា មេដឹកនាំរុស្ស៊ីតាមពិតមិនចង់ធ្វើការចរចានោះឡើយ ប៉ុន្តែលោកពូទីនព្យាយាមចង់រកការគេចចេញពីការទទួលខុសត្រូវ។

ប្រទេសអ៊ុយក្រែនបានដាក់ចេញនូវសំណើសន្តិភាព១០ចំណុចរបស់ខ្លួនដើម្បីការបញ្ចប់សង្គ្រាម ប៉ុន្តែសំណើរកសន្តិភាពរបស់អ៊ុយក្រែន គឺការមិនធ្វើសម្បទានទឹកដី ដល់រុស្ស៊ីដែលទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ភាគកើតនិងខាងត្បូងជាទឹកដីរណបដល់រុស្ស៊ីនោះឡើយ។ ម្យ៉ាងទៀត ចំណុចស្នើក្នុងការរកសន្តិភាព១០ចំណុចដដែល អ៊ុយក្រែនបានស្នើរកការផ្តល់ យុត្តិធម៌ដល់អ៊ុយក្រែនដោយជំរុញឱ្យ ការកាត់ទោសអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មនិងការជួសជុលសងមកវិញ នូវហេដ្ឋារចនាសម្ព័ន្ធខូចខាតរបស់ អ៊ុយក្រែននិងការធានារបស់រុស្ស៊ីមិនត្រូវប្រព្រឹត្តអំពើដដែលនេះទៀតឡើយ។ អ៊ុយក្រែនបានថ្លែងប្តេជ្ញាមិនឱ្យរុស្ស៊ីបានរួចខ្លួនពីការទទួលខុសត្រូវចំពោះសកម្មភាព ដែលបានចោទជុំវិញឧក្រិដ្ឋសង្គ្រាមនិងប្រល័យពូជសាសន៍ឡើយ បើទោះបីជាមានការចរចាបញ្ចប់សង្គ្រាមនោះមែន ដែលចំណុចទាំងនេះហើយ គឺជាអ្វីដែលគេរំពឹងថារស្ស៊ី ទំនងនឹងយល់ព្រមលើសំណើចរចារបស់អ៊ុយក្រែនឡើយ។

លោក ពូទីន បានថ្លែងថាប្រទេសលោកខាងលិចបានព្យាយាមចង់ហែកបំបែកប្រទេសរុស្ស៊ី និងថាការវាយប្រហាររបស់រុស្ស៊ីក្នុងទឹកដីអ៊ុយក្រែនគឺដើម្បី រួបរួមពលរដ្ឋ ប្រជាជនរុស្ស៊ីតែប៉ុណ្ណោះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍ជាតិរុស្ស៊ី លោកពូទីនបានថ្លែងថាសត្រូវភូមិសាស្ត្ររបស់រុស្ស៊ី មានបំណងចង់ហែកហួរប្រទេសរុស្ស៊ី ដែលយុទ្ធសាស្ត្របំបែក និងគ្រប់គ្រងនោះគឺជាអ្វីដែលសត្រូវជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីព្យាយាមធ្វើមកទល់នឹងពេលនេះ។ លោកបានថ្លែងថាប៉ុន្តែទិសដៅរបស់រុស្ស៊ី គឺផ្ទុយពីសត្រូវ នោះគឺការរួបរួមប្រជាពលរដ្ឋរុស្ស៊ី។ លោក ពូទីនបានលើកឡើងនូវទ្រឹស្តីនៃប្រវត្តិសាស្ត្ររបស់រុស្ស៊ី ដែលនិយាយថារុស្ស៊ី និងអ៊ុយក្រែន គឺជាពលរដ្ឋចេញ មកពីប្រភពតែមួយ។

ការលើកឡើងនូវទ្រឹស្តីប្រវត្តិសាស្ត្រថារុស្ស៊ី និងអ៊ុយក្រែនមានប្រភពតែមួយនិងការបញ្ជាក់នូវបំណងរក្សាទ្វារចំហរចរចា បានធ្វើឡើងក្រោយអ៊ុយក្រែនត្រូវបាន សហរដ្ឋអាមេរិកបញ្ជាក់ការបន្តផ្តល់ជំនួយយោធានិងសេដ្ឋកិច្ចជាពិសេសការផ្តល់ប្រព័ន្ធអាវុធការពារផ្លូវអាកាស Patriot ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។ លោកវ្លាឌីមៀរពូទីនបាននិយាយថារុស្ស៊ីមានមធ្យោបាយដើម្បីបំផ្លាញប្រព័ន្ធអាវុធការពារអាកាសមីស៊ីល Patriot ដែលសហរដ្ឋអាមេរិកផ្តល់មកឱ្យអ៊ុយក្រែន។

នៅជាមួយគ្នានេះផងដែរ តំបន់ភាគខាងត្បូងអ៊ុយក្រែន គឺក្រុង Kherson បានបន្តរងនឹងការវាយប្រហារសាជាថ្មី គឺមួយថ្ងៃបន្ទាប់ពីមានការសន្យារបស់សហរដ្ឋអាមេរិក ផ្តល់ជំនួយយោធា ១ពាន់៨៥០លានដុល្លារដល់អ៊ុយក្រែនរួមទាំងអាវុធមិស៊ីល Patriot នោះ។ ការវាយប្រហារមួយថ្ងៃនៅមុនបុណ្យគ្រីស្មាស់ បានបណ្តាលឱ្យមនុស្ស ១០នាក់បានស្លាប់ និង៥៨ នាក់ដទៃទៀតបានរងរបួសដោយសារការបាញ់ប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីចំនួន៧៤លើក។ ក្រៅពីការខូចខាតអគារដែលមាន មនុស្សរស់នៅ រថយន្តប្រមាណ៦៦គ្រឿងទៀតត្រូវបានឆេះខ្ទេចខ្ទី។ ប៉ុន្តែការវាយប្រហារមួយថ្ងៃមុនបុណ្យគ្រីស្មាស់នោះ មិនបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែន បញ្ឈប់ ការរៀបចំបុណ្យគ្រីស្មាស់នោះទេ។

លោក ហ្សេលេនស្គី បានសរសេរលើប្រព័ន្ធបណ្តាញសង្គមកោតសរសើរស្មារតីរបស់ប្រជាជនអ៊ុយក្រែនដែលបន្តធ្វើបុណ្យគ្រីស្មាស់តាមទំនៀមទំលាប់ ដោយមិនខ្លាច នឹងការបាញ់ផ្លោងតាមផ្លូវអាកាសរបស់រុស្ស៊ីនេះឡើយ។ លោក ហ្សេលេនស្គី បានសរសេរកាលពីថ្ងៃអាទិត្យថា «ពលរដ្ឋអ៊ុយក្រែនច្រើនលាននាក់បានប្រារព្ធ ធ្វើបុណ្យគ្រីស្មាស់តាមទំនៀមទំលាប់របស់ខ្លួន»។ លោកបានសរសេរចូលរួមស្វាគមន៍ការប្រារព្ធពិធីដែលបានធ្វើក្នុងដំណាច់ចុងឆ្នាំ២០២២នេះ។

នៅក្នុងសមរភូមិ Bakmut ក្នុងខេត្តដូណេតស៍នោះវិញ ទាហានអ៊ុយក្រែនដៃ ម្ខាងធ្វើការបាញ់ប្រហារលើសមរភូមិ និងដៃម្ខាងទៀតបានរៀបធ្វើបុណ្យគ្រីស្មាស់ផងទៀត។ ពលរដ្ឋអ៊ុយក្រែន និងទាហានបានប្រកៀកស្មាគ្នាច្រៀងបទប្រពៃណីក្នុងព្រឹត្តិការណ៍បុណ្យគ្រីស្មាស់ដោយមិនខ្លាចនឹងសង្គ្រាមបាញ់ផ្លោងរបស់រុស្ស៊ីឡើយ។
នៅក្នុងក្រុងកៀវនោះវិញ រូបថតបានបង្ហាញថាពលរដ្ឋក្នុងក្រុងគៀវបានបង្ហាញការរៀបចំ បុណ្យគ្រីស្មាសដោយមិនញញើតនឹងសង្គ្រាមដែលនៅតែបន្តនាពេលនេះឡើយ ហើយបុណ្យគ្រីស្មាសនាពេលនេះទៀត ជាបុណ្យលើកដំបូងហើយដែលប្រភពថាមពលកម្តៅរបស់អ៊ុយក្រែនបានរងនឹងការបាញ់កម្ទេចពីរុស្ស៊ី។ ពលរដ្ឋអ៊ុយក្រែនឆ្នាំនេះ បានប្រើអុសដុតកម្តៅក្នុងផ្ទះជំនួសថាមពលអគ្គីសនី។

នៅថ្ងៃអាទិត្យដែលមានបុណ្យគ្រីស្មាស់នោះផងដែរ គេបានលឺស្នូរស៊ីរ៉ែនបន្លឺឡើងដែលជាសញ្ញាបង្ហាញគ្រោះអាសន្នតាមផ្លូវអាកាសសាជាថ្មីអាចនឹងកើតឡើង ប៉ុន្តែនៅថ្ងៃនោះ មិនមានហេតុការណ៍បាញ់ប្រហារតាមផ្លូវអាកាសនោះទេ។ សេចក្តីរាយការណ៍បង្ហាញថាមានយន្តហោះរបស់រុស្ស៊ីបានហោះនៅលើអាកាសនៃប្រទេស បេឡារុសក្បែរនោះ ដែលបង្កឱ្យស្នូរស៊ីរ៉ែនបន្លឺឡើងដាស់តឿនការប្រុងប្រយ័ត្ន។ លោក ហ្សេលេនស្គី បានដាស់តឿនដល់ពលរដ្ឋរបស់លោកមិនត្រូវព្រងើយកន្តើយ នឹងស្នូរស៊ីរ៉ែនបន្លឺនេះឡើយដោយលោកបញ្ជាក់ថានៅតែប៉ុន្មានថ្ងៃខាងមុខទៀតដែលឆ្នាំ២០២២នឹងត្រូវបញ្ចប់ទៅហើយនោះ គឺលោក ពូទីន នឹងបន្តការវាយប្រហារ ដាក់លើអ៊ុយក្រែនជាបន្ថែមទៀតដោយចង់ឱ្យអ៊ុយក្រែនបន្តការរស់នៅដោយភាពងងឹតជាមួយការបាញ់ដាក់លើប្រព័ន្ធថាមពលអគ្គីសនីរបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានថ្លែងក្នុងថ្ងៃបុណ្យគ្រីស្មាស់ ប្រាប់ពលរដ្ឋតាមបណ្តាញសង្គមថា លោកសន្យានឹងផ្តល់សិទ្ធិសេរីភាពជូនប្រជាជនអ៊ុយក្រែនវិញ។

លោក ហ្សេលេនស្គី បានថ្លែងថា សេរីភាពគង់នឹងវិលត្រឡប់មកកាន់ប្រជាជនអ៊ុយក្រែនវិញ។ លោកថ្លែងថាគេនឹងមិនរង់ចាំអម្ភូតហេតុណាមួយនឹងកើតឡើង នោះទេពីព្រោះអ៊ុយក្រែនត្រូវតែបង្កើតវាដោយខ្លួនឯងសម្រាប់ប្រជាជន, សម្រាប់ទាហានអ៊ុយក្រែន។ នៅជាមួយគ្នានោះផងដែរ គេបានបង្ហោះសាររបស់ពលរដ្ឋអ៊ុយក្រែន ទាំងក្មេងនិងទាំងចាស់ជុំវិញបំណងប្រាថ្នារបស់គេក្នុងពេលបុណ្យគ្រីស្មាស់នេះ។ សាររបស់ពលរដ្ឋអ៊ុយក្រែនបានបួងសួងសូមឱ្យអ៊ុយក្រែនបានឈ្នះលើ សង្គ្រាមជាមួយរុស្ស៊ី។

នៅជាមួយគ្នានេះផងដែរ នៅលើទឹកដីរុស្ស៊ីនោះវិញ គេបានឮស្នូរបំផ្ទុះ នៅលើទឹកដីរុស្ស៊ីក្នុងមូលដ្ឋានអាកាស Engels ដែលមានចម្ងាយច្រើនរយម៉ាយល៍ពីព្រំដែន អ៊ុយក្រែន។ មិនមាន ការបញ្ជាក់ច្បាស់ភ្លាមៗថាតើស្នូរផ្ទុះដែលគេបានរាយការណ៍ នៅថ្ងៃច័ន្ទទី២៦ធ្នូឆ្នាំ២០២២ បានបណ្តាលមកពីអ្វីទេ។ ទីភ្នាក់ងារ RBC របស់អ៊ុយក្រែនបានរាយការណ៍ថាការផ្ទុះលើទឹកដីរុស្ស៊ីនោះ មានចំនួន២កន្លែង។ មូលដ្ឋានអាកាស Engels គឺជាមូលដ្ឋានដែលស្ថិតក្បែរក្រុង រុស្ស៊ីឈ្មោះ Saratov ដែលមានចម្ងាយប្រមាណ៧៣០ម៉ាយល៍ ភាគអាគ្នេយ៍រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី។ មូលដ្ឋានអាកាស Engels បានរងនឹងការវាយប្រហារម្តង រួចមកហើយដោយរុស្ស៊ី បាន ចោទថាជាទង្វើរបស់អ៊ុយក្រែនដែលប្រើប្រាស់ដ្រូនធ្វើការវាយប្រហារកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២។ ប្រទេសអ៊ុយក្រែនមិនដែលបានទទួលខុសត្រូវលើការ វាយប្រហារដាក់លើទឹកដីរុស្ស៊ីនោះទេ ប៉ុន្តែគ្រាន់តែនិយាយថាហេតុការណ៍ដែលកើតឡើងលើទឹកដីរបស់រុស្ស៊ីទាំង នោះគឺជាកម្មដែលរុស្ស៊ីបានសាងក្នុងការឈ្លានពាន ទឹកដីអ៊ុយក្រែន៕