(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងផ្លាស់ប្តូររដ្ឋមន្រ្តីក្នុងតំណែងមួយរូបទៀត ដែលជាមន្រ្តីទី៤ក្នុងគណៈរដ្ឋមន្រ្តី ចាប់តំាងពី លោក គីស៉ិដា ឡើងកាន់តំណែងនៅខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បានរាយការណ៍ថា លោក កេនយ៉ា អាគីបា (Kenya Akiba) រដ្ឋមន្ត្រីទទួលបន្ទុកការកសាងឡើងវិញនូវតំបន់រងគ្រោះ ដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិរបស់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១១ នឹងត្រូវជំនួសដោយអតីតរដ្ឋមន្ត្រីទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ គឺ លោក តាស៊ូយ៉ា អ៉ីតូ (Tatsuya Ito)។ លោក អាគីបា បានប្រឆាំងនឹងការចោទប្រកាន់ថា ខ្លួនជាប់ពាក់ព័ន្ធក្នុងការរំលោភច្បាប់បោះឆ្នោត ក៏ដូចជាមានទំនាក់ទំនងជាមួយព្រះវិហារ Unification Church។

លោក គីស៉ីដា ក៏គ្រោងនឹងជំនួសតំណែងលោកស្រី មីអូ ស៊ូហ្គីតា (Mio Sugita) ដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការផ្ទៃក្នុងសភា ផងដែរ។ កាលពីដើមខែធ្នូនេះ លោកស្រី ស៊ូហ្គីតា បានទទួលកំហុស និងសុំអភ័យទោស ចំពោះមតិយោបល់មួយចំនួនដែលបានលើកឡើងកាលពីមុន រួមទាំងការហៅជនភេទទី៣ ថាជាក្រុម «គ្មានបានការ» ផងដែរ។

ជុំវិញការផ្លាស់ប្តូរនេះ លោក គីស៉ីដា បានគូសបញ្ជាក់ថា «អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា យើងត្រូវតែរៀបចំរបៀបវីរៈដែលចាំបាច់ សម្រាប់សម័យប្រជុំសភា នៅឆ្នាំ២០២៣។ នោះហើយជាអ្វីដែលខ្ញុំអាចនិយាយបាន»

គួរបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចជាមួយព្រះវិហារ Unification Church បានលេចចេញជារូបរាងឡើង បន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី អាបេ ស៉ិនហ្សូ ហើយបញ្ហានេះបាននាំឲ្យប្រជាប្រិយភាពរបស់លោក គីស៉ិដា កាន់តែធ្លាក់ចុះ៕