(ម៉ានីល)៖ មន្ត្រីការពារជនស៊ីវិល បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ទឹកជំនន់ចំថ្ងៃបុណ្យណូអែលនៅប្រទេសហ្វីលីពីន បានបង្ខំឲ្យមានការជម្លៀសមនុស្សជិត ៤៦,០០០នាក់ ចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ក្រុមមន្ត្រីបន្ថែមថា មនុស្ស ២នាក់ បានស្លាប់ និង៩នាក់ផ្សេងទៀត បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងតាមរដូវកាល បានជន់លិចផ្នែកខ្លះកោះមីនដាណាវ (Mindanao) ភាគខាងត្បូងប្រទេស។ ក្រុមមន្រ្តីដដែល បានប្រាប់ AFP តាមទូរស័ព្ទពីទីក្រុងជីងហ្គូក (Gingoog) ជាទីដែលប្រជាជនចំនួន ៣៣,០០០នាក់ ក្នុងចំណោម ៤៥,៧០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ យ៉ាងដូច្នេះថា «ទឹកបានជន់ឡើងដល់ត្រឹមដើមទ្រូង នៅក្នុងតំបន់មួយចំនួន ប៉ុន្តែថ្ងៃនេះភ្លៀងបានរាំង»

ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថា ខ្លួនបានជួយសង្គ្រោះសមាជិកនៃគ្រួសារជាច្រើន នៅក្នុងទីក្រុងអូម៉ាហ្ស៉ីន (Ozamiz) និងទីក្រុងក្លារីន (Clarin) ចេញពីទឹកដែលជន់លិចជ្រៅ។ ដោយឡែក ខ្យល់បក់ខ្លាំងនិងរលកធំៗ បានបណ្តាលឲ្យលិចទូកនេសាទ នៅឯក្បែរឆ្នេរកោះឡេយតេ (Leyte) ភាគកណ្តាល សម្លាប់សមាជិកនាវិក ២នាក់ ខណៈ៦នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។

គួរបញ្ជាក់ថា ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន បានរងការវាយប្រហារដោយអាកាសធាតុអាក្រក់ៗ ខណៈប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ និងមានប្រជាជនចំនួន ១១០លាននាក់មួយនេះ បានចាប់ផ្តើមការឈប់សម្រាករដូវបុណ្យណូអែល ដែលរយៈពេលយូរ។ មនុស្សរាប់លាននាក់ធ្វើដំណើរទៅ ស្រុកកំណើតរបស់ពួកគេ ដើម្បីជួបជុំគ្រួសារក្នុងអំឡុងពេលនេះ៕