(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូងបានចល័តយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធាប្រភេទប្រយុទ្ធ ហើយថែមទាំងបាញ់គ្រាប់ព្រមានទៀតផង បន្ទាប់ពីយន្តហោះដ្រូនកូរ៉េខាងជើងប៉ុន្មានគ្រឿង បានហោះទន្រ្ទានចូលមកក្នុងដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង យ៉ុនហាប់ បានរាយការណ៍ថា យោធាកូរ៉េខាងត្បូង បានប្រទះឃើញវត្ថុមួយចំនួន ដែលសង្ស័យជា​យន្តហោះដ្រូនកូរ៉េខាងជើង ហោះឆ្លងខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េ ចូលមកតំបន់ព្រំប្រទល់របស់កូរ៉េខាងត្បូង នៅក្នុងខេត្តហ្គ្យឹងហ្គីដូ (Gyeonggi-do) កាលពីវេលាម៉ោង១០៖២៥នាទីព្រឹក។

គួរបញ្ជាក់ថា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់កូរ៉េខាងត្បូង ត្រូវបានចល័តឡើងផ្ទៃអាកាស ដើម្បីកម្ចាត់ដ្រូនកូរ៉េខាងជើងទាំងនោះ។ ហេតុការណ៍ខាងលើ ក៏បានបណ្តាលឱ្យជើងហោះហើរស៉ីវិលប្រភេទចាកចេញ នៅឯព្រលានយន្តហោះក្នុងទីក្រុងអ៉ីនឈាន់ (Incheon) និងទីក្រុងហ្គីមប៉ូ (Gimpo) ផ្អាកប្រតិបត្តិការអស់រយៈពេលខ្ទង់១ម៉ោងផងដែរ៕