(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា បុគ្គលិកយោធា​ចំនួន ៣នាក់ បានស្លាប់ដោយសារបំណែក នៃយន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលធ្លាក់លើមូលដ្ឋានយោធាក្នុងតំបន់ សារ៉ាតូវ (Saratov) របស់ប្រទេសរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ី បានរាយការណ៍ថា «នៅថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ០១ និង៣៥នាទីរំលងអធ្រាត្រ (ម៉ោងមូស្គូ) យន្តហោះដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់នៅរយៈកម្ពស់ទាប នៅពេលដែលវាចូលទៅជិតមូលដ្ឋានទ័ពអាកាសអេនជែល (Engels) ក្នុងតំបន់សារ៉ាតូវ»

ក្រសួងការពារជាតិរុស្ស៉ី បានបន្ថែមថា «ជាលទ្ធផលពីការធ្លាក់នៃបំណែកយន្តហោះដ្រូនខាងលើនេះ ទាហានផ្នែកបច្ចេកទេសរុស្ស៊ី ៣នាក់ បានបាត់បង់ជីវិត។ ប៉ុន្តែពុំបានធ្វើឲ្យខូចខាតដល់យន្តហោះ ឬឧបករណ៍យន្តហោះណាមួយឡើយ»

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Engels ដែលស្ថិតនៅចម្ងាយប្រហែល ៧៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ក៏ធ្លាប់បានរងនូវការវាយប្រហារកាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅផងដែរ ដោយរុស្ស៉ីចាត់ទុកថា គឺជាការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន៕