(ប៉េកាំង)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងសុខាភិបាលចិនបានប្រកាសថា ប្រទេសចិននឹងលែងចេញផ្សាយតួលេខប្រចាំថ្ងៃ សម្រាប់ករណីឆ្លងនិងស្លាប់នៃជំងឺកូវីដ១៩ តទៀតហើយ បន្ទាប់ពីទម្លាប់នៃការចេញផ្សាយនេះ បានចាប់ផ្តើមដំបូងនិងបន្តជាប់រហូតមក តាំងតែពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។
យ៉ាងណាក្តី ក្រសួងសុខាភិបាលចិន មិនបានផ្តល់ការបកស្រាយលម្អិត សម្រាប់ការសម្រេចចិត្តរបស់ខ្លួន ក្នុងការឈប់ចេញផ្សាយទិន្នន័យកូវីដ១៩ប្រចាំថ្ងៃបែបនេះឡើយ ប៉ុន្តែវាកើតឡើងចំគ្រាដែល ស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសចិន ហាក់មានការកើនឡើងខ្លាំង ក្រោយការបិទបញ្ចប់យុទ្ធសាស្រ្តសូន្យកូវីដរបស់ខ្លួន។
គួរបញ្ជាក់ថា ទោះជាបែបនេះក៏ដោយ បើតាមក្រសួងសុខាភិបាលចិន មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់ចិន នឹងធ្វើការចេញផ្សាយព័ត៌មាន អំពីការឆ្លងរាតត្បាតកូវីដ១៩ សម្រាប់គោលដៅបម្រើជាប្រភពព័ត៌មានយោង ក៏ដូចជាការសិក្សាស្រាវជ្រាវ ប៉ុន្តែមិនបានប្រាប់ឱ្យជាក់លាក់ អំពីប្រភេទឬក៏ភាពញឹកញាប់ នៃព័ត៌មានដែលត្រូវចេញផ្សាយនោះឡើយ៕