Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មានសូរសំឡេងផ្ទុះនៅឯមូលដ្ឋានទ័ពអាកាស Engels ក្នុងប្រទេសរុស្ស៉ី ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង (Video inside)

26-12-2022 11:38

(មូស្គូ)៖ អភិបាលតំបន់ម្នាក់ នៅក្នុងប្រទេសរុស្ស៉ីបានឱ្យដឹងថា ឧបទ្ទវហេតុមួយនៅឯមូលដ្ឋានទ័ពអាកាសអេនជែល (Engels) ក្នុងតំបន់សារ៉ាតូវ (Saratov) កំពុងស្ថិតក្រោម ការស៊ើបអង្កេត ប៉ុន្តែមិនមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអំពីសូរសំឡេងផ្ទុះ នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន និងរុស្ស៊ី បានរាយការណ៍ថា ការផ្ទុះមួយត្រូវបានគេឮ កំលុងពាក់កណ្តាលអធ្រាត្រ នៅឯមូលដ្ឋានទ័ពអាកាស Engels ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីតំបន់សមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន។

តាមរយៈបណ្តាញតេឡេក្រាម អភិបាលតំបន់ លោក រ៉ូមែន ប៊ូសាហ្គីន (Roman Busargin) បានបញ្ជាក់ថា «មិនមានការប្រកាសអាសន្ននៅក្នុងតំបន់ទីប្រជុំជន នៃទីក្រុង Engels នោះទេ។ ពិតជាគ្មានការគំរាមកំហែងដល់ប្រជាពលរដ្ឋទេ រីឯហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏មិនមានការខូចខាតនោះដែរ។ ហើយព័ត៌មានអំពីឧបទ្ទវហេតុនៅទីតាំងយោធា កំពុងត្រូវបានត្រួតពិនិត្យដោយមន្ត្រីអនុវត្តច្បាប់»។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Engels ដែលស្ថិតនៅចម្ងាយប្រហែល ៧៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ក៏ធ្លាប់បានរងនូវការវាយប្រហារកាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅផងដែរ ដោយរុស្ស៉ីចាត់ទុកថា គឺជាការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន៕