(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បាននិយាយថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងច្បាប់ដែលទីក្រុងមូស្គូ បានដាក់ចេញ សម្រាប់ការប្រើប្រាស់ គឺជាកត្តាតែមួយគត់ដែលរារាំងលោកខាងលិច មិនឲ្យចាប់ផ្តើមសង្រ្គាមប្រឆាំងរុស្ស៊ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយកាសែត រ៉ូស៊ីសកាយ៉ា ហ្កាហ្សេតា (Rossiiskaya Gazeta) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក ម៉េដវ៉េដេវ ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់លោកប្រធានាធិបតី ពូទីន និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានឱ្យដឹងទៀតថាទីក្រុងមូស្គូ នឹងបន្តសង្រ្គាម របស់ខ្លួននៅអ៊ុយក្រែនរហូតដល់ «របបហ្វាស៊ីស» នៅក្នុងទីក្រុងកៀវ ត្រូវបានរំលំ ហើយក្លាយជាប្រទេសដែលគ្មានរបបត្រួតត្រាទាំងស្រុងលើយោធា។

លោក ម៉េដវ៉េដេវ ក៏បានគូសបញ្ជាក់ផងដែរថា «រឿងតែមួយគត់ដែលអាចរារាំងសត្រូវរបស់យើង នៅថ្ងៃនេះ គឺការយល់ដឹងថាប្រទេសរុស្ស៊ីនឹងត្រូវបានដឹកនាំដោយ មូលដ្ឋានគ្រឹះនៃគោលនយោបាយរដ្ឋស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ។ ហើយក្នុងករណីមានការគំរាមកំហែងពិតប្រាកដកើតឡើង ខ្លួននឹងធ្វើសកម្មភាពតែម្តង»

គួរបញ្ជាក់ថា យោងតាមអ្នកជំនាញ រុស្ស៊ីមានក្បាលគ្រាប់ជិត ៦,០០០គ្រាប់ នៅក្នុងឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ជារឿយៗ លោកពូទីន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានអះអាងថា គោលនយោបាយរបស់រុស្ស៊ីស្តីពីអាវុធនុយក្លេអ៊ែរ កំណត់ថាពួកគេអាចប្រើប្រាស់ក្បាលគ្រាប់ទាំងនោះបាន ប្រសិនបើមានការគំរាមកំហែងដល់ បូរណភាពទឹកដីរបស់ខ្លួន៕