(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាន​និយាយការពារគោលជំហរសព្វថ្ងៃរបស់ទីក្រុងប៉េកាំង ចំពោះសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយថានឹងពង្រឹង ទំនាក់ទំនងស៊ីជម្រៅជាមួយរុស្ស៉ី ដែលកំពុងជាប់ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សន្និសីទមួយរៀបចំឡើងក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ​ ហើយ ក៏បានឆ្លៀតបន្ទោសសហរដ្ឋអាមេរិកសម្រាប់ការបំផ្លាញទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជាមួយការសង្កត់ធ្ងន់ថាទីក្រុងប៉េកាំងជំទាស់ជាដាច់ខាតចំពោះ គោលនយោបាយប្រឆាំងចិនរបស់ទីក្រុងវ៉ាស៊ីនតោន។ ដោយឡែក ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ប្រមុខការទូតចិនរូបនេះបានលើកឡើងថាចិនបានប្រកាន់ភ្ជាប់នូវគោលការណ៍ មិនលម្អៀង ដោយមិនជ្រើសរើសឈរនៅខាងភាគីណាមួយឡើយ ឬក៏ដុតបញ្ឆេះស្ថានការណ៍ឱ្យកាន់តែក្ដៅនោះទេ ហើយក៏មិនបានគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះដែរ។

លោកបន្ថែមទៀតថាចិននឹងពង្រឹងទំនាក់ទំនងស៊ីជម្រៅ ផ្អែកលើការជឿជាក់គ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាមួយរុស្ស៉ី ស្របពេលទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំង២ កំពុងកើនជិតដល់ ២០០ពាន់លានដុល្លារ៕