(មូស្គូ)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការពារជាតិបេឡារុស បានឱ្យដឹងថាប្រព័ន្ធមីស៊ីល Iskander និងប្រព័ន្ធខែលការពារមីស៊ីល S-400 ដែលរុស្ស៉ីបានដាក់ពង្រាយ នៅលើទឹកដីបេឡារុស បានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការប្រើប្រាស់ នៅចំពោះមុខការព្រួយបារម្ភថាទីក្រុងមីនស្កិ៍អាចនឹងលូកដៃជួយរុស្ស៉ីដោយផ្ទាល់នៅក្នុង សង្រ្គាមប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងនេះ លោក ឡេអូនីដ កាស៊ីនស្គី (Leonid Kasinsky) ជាប្រធាន នាយកដ្ឋានមនោគមន៍វិជ្ជានៃក្រសួងការពារជាតិបេឡារុស បានគូសបញ្ជាក់ដូច្នេះថា «កងទ័ព និងអ្នកជំនាញរបស់យើងបានបញ្ចប់ការបណ្ដុះបណ្ដាលទាំងស្រុង នៅក្រោម ក្របខណ្ឌកងកម្លាំងរួមគ្នារវាងរុស្ស៉ី និងបេឡារុស ហើយអាវុធទាំងនេះ (Iskander និង S-400) ត្រូវបានដាក់ឱ្យដំណើរការ និងត្រៀមលក្ខណៈជាស្រេចដើម្បីបំពេញ ភារកិច្ចទៅតាមតម្រូវការ»

មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើមានប្រព័ន្ធមីស៊ីល Iskander ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួនប៉ុន្មានត្រូវបានដាក់ពង្រាយនៅលើ ទឹកដីបេឡារុសនោះទេ បន្ទាប់ពីលោក ពូទីន បានបញ្ជាក់កាលពីខែមិថុនាកន្លងទៅថាទីក្រុងមូស្គូ នឹងផ្គត់ផ្គង់ឱ្យបេឡារុសនូវប្រព័ន្ធមីស៊ីលការពារដែនអាកាស៕