(វ៉ាស៊ីនតោន)៖ មនុស្ស៥នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងការបាញ់ប្រហារដ៏សាហាវមួយ នៅខាងក្នុងផ្សារទំនើបអាមេរិកក្នុងទីក្រុង Bloomington រដ្ឋ Minnesota សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យនេះ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

មេប៉ូលីស Bloomington លោក Booker Hodges បានប្រាប់អ្នកយកព័ត៌មានថា បុរសអាយុ ១៨ឆ្នាំពីរនាក់ និងក្មេងប្រុសអាយុ ១៧ឆ្នាំបីនាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅមន្ទីរឃុំឃាំង បន្ទាប់ពីប៉ូលីសបានអនុវត្តដីកាស្វែងរក។

លោក Hodges បាននិយាយថា «ខ្ញុំមានទំនុកចិត្តដោយយុត្តិធម៌ថា យើងបានចាប់អ្នកទទួលខុសត្រូវក្នុងការសម្លាប់ជនរងគ្រោះ បញ្ចូលក្នុងមន្ទីរឃុំឃាំង»

គួរបញ្ជាក់ថា បុរសអាយុ ១៩ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់កាលពីល្ងាចថ្ងៃសុក្រ នៅខាងក្នុងហាង Nordstrom ផ្សារទំនើបមួយ នៅ Mall of America ដែលជាកន្លែងលក់ទំនិញ និងកម្សាន្តដ៏ធំបំផុតនៅសហរដ្ឋអាមេរិក៕