(ហ្សាការតា)៖ ទូកដែលខូចដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥៧នាក់ បានចុះចតនៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃអាទិត្យនេះ ក្រោយពីបាន​រសាត់​លើផ្ទៃ​សមុទ្រ​អស់​រយៈពេលជាងមួយ​ខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលរកការធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រថុយជីវិតជារៀងរាល់ឆ្នាំ លើការធ្វើដំណើរតាមសមុទ្រជាញឹកញាប់ នៅក្នុងនាវាដែលមានគុណភាពអន់ ក្នុងការប៉ុនប៉ងទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។

អ្នកនាំពាក្យប៉ូលិសក្នុងតំបន់ លោក Winardy បានប្រាប់ AFP ថា កប៉ាល់ឈើដែលមានមនុស្ស​៥៧នាក់នៅលើនោះ បានមកដល់ឆ្នេរមួយក្នុងខេត្ត Aceh នៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់ពីពូកគេបានរសាត់​តាម​សមុទ្រ​អស់​រយៈពេលជាងមួយ​ខែ​មកហើយ។

លោក Winardy បានគូសបញ្ជាក់ថា «ទូក​នោះ​ខូច​ម៉ាស៊ីន​ ហើយ​វា​ត្រូវ​បាន​ខ្យល់​បក់​ទៅ​ច្រាំង​ក្នុង​ភូមិ Ladong ក្នុង​ស្រុក Aceh Besar»

យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា ទូកចំនួនពីរដែលផ្ទុកជនជាតិរ៉ូហ៊ីងយ៉ាសរុបចំនួន ២២៩នាក់បានចូលចតនៅខេត្ត Aceh កាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា។

ការមកដល់កាលពីល្ងាចថ្ងៃអាទិត្យនេះកើតឡើង បន្ទាប់ពី UNHCR និងអ្នកនយោបាយអាស៊ីអាគ្នេយ៍ បានអំពាវនាវឱ្យជួយសង្គ្រោះនាវាមួយផ្សេងទៀត ដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដល់ទៅ២០០នាក់ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារ ដែលត្រូវបានជាប់គាំងនៅសមុទ្រអស់រយៈពេលជាច្រើនសប្តាហ៍៕