(ប៉េកាំង)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសចិន នៅថ្ងៃអាទិត្យនេះកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ ដើម្បីសង្រ្គោះមនុស្ស១៨នាក់ ដែលជាប់គាំងនៅក្រោមដី បន្ទាប់ពីការបាក់រលំអណ្ដូងរ៉ែមាសមួយកន្លែងស្ថិតនៅតំបន់ស៊ីនជាំង នៃភាពពាយព្យប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

បើតាមអាជ្ញាធរចិន កម្មករអណ្ដូងរ៉ែសរុប៤០នាក់ កំពុងបម្រើការងារឱ្យអណ្ដូងរ៉ែនៅក្នុងស្រុក យីនីង (Yining) ស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រ ពីព្រំដែនប្រទេសកាហ្សាក់ស្ថាន នៅពេលដែលអណ្ដូងរ៉ែនេះបាក់រលំ កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ។ កម្មករអណ្ដូងរ៉ែ ២២នាក់ ត្រូវបានជួយសង្រ្គោះឡើងមកលើដីវិញដោយសុវត្ថិភាព ប៉ុន្តែ ១៨នាក់ ទៀតជាប់គាំងនៅឡើយ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២១ កម្មករអណ្ដូងរ៉ែ១៩នាក់ បានជាប់គាំងនៅក្រោមដី បន្ទាប់ការបាក់រលំអណ្ដូងរ៉ែធ្យូងថ្ម នៅខេត្ត ជីងហៃ (Qinghai) ដោយបណ្ដាល ឱ្យមនុស្ស៤នាក់ស្លាប់។ រីឯកាលពីខែធ្នូ ឆ្នាំដដែលនោះដែរ កម្មករ ២០នាក់ត្រូវបានជួយសង្រ្គោះពីអណ្ដូងរ៉ែមួយដែលត្រូវបានទឹកជន់លិច នៅខេត្តសានស៊ី និងមនុស្ស ២នាក់ បានស្លាប់៕