(ប៉ារីស)៖ ការប៉ះទង្គិចគ្នាបានឈានចូលដល់ថ្ងៃទី២ នៅក្នុងទីក្រុងប៉ារីស ប្រទេសនបារាំង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងប៉ារីស) រវាងប៉ូលិស និងក្រុមបាតុករ ឃើដ ដែលផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់មនុស្ស៣នាក់ នៅក្នុងសហគមន៍របស់ពួកគេដោយខ្មាន់កាំភ្លើងម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

រថយន្ដជាច្រើនគ្រឿងរងការខូតខាត ក្នុងនោះមានមួយគ្រឿងត្រូវបានដុតបំផ្លាញ រីឯបង្អួចហាងទំនិញមួយចំនួនត្រូវបានបំផ្លាញ។ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិស បានកើតឡើងនៅទីលានសាធារណរដ្ឋ (Republic Square) ជាទីដែលជនជាតិឃើដធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី។ បើតាមប៉ូលិសបារាំង ការប្រមូលផ្ដុំគ្នារបស់ជនជាតិឃើដ បានប្រែក្លាយជាអំពើហិង្សាភ្លាមៗ ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើមកពីហេតុអ្វីនោះទេ។ ប៉ូលិសបារាំងឱ្យដឹងទៀតថាបាតុករមួយចំនួនជាអ្នកទទួលខុសត្រូវចំពោះអពើ ហិង្សា ហើយមនុស្ស១១នាក់ត្រូវបានឃាត់ខ្លួន និង៣០នាក់រងរបួសស្រាល។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ៣នាក់ នៅក្នុងសហគមន៍ជនជាតិឃើដ ក្នុងទីក្រុងប៉ារីស។ ប៉ូលិសបានឃាត់ខ្លួនបុរស ម្នាក់អាយុ៦៩ឆ្នាំ ដែលទើបតែត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការសម្រាប់ការវាយប្រហារលើជំរំជនភៀសខ្លួនក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០២១។ នៅក្រោយការសួរចម្លើយ ក្រុមអ្នកស៊ើបអង្កេតបានអះអាងជាបឋមថាជននេះមានគំនិតរើសអើងពូជសាសន៍ប្រឆាំងនឹងជនអន្តោប្រវេសន៍៕