(ញូវដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានប្រកាសថាអ្នកដំណើរ​មកពីប្រទេស និងតំបន់ចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងថៃ ត្រូវតែមានលិខិតបញ្ជាក់ពីលទ្ធផល តេស្ដអវិជ្ជមានកូវីដ១៩ ជាកំហិត ដើម្បីចូលក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Twitter​ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អមជាមួយរូបភាពនៃការដឹកនាំការធ្វើតេស្ដកូវីដ១៩ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងញូវដេលី រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា លោក ម៉ាន់ស៊ូក ម៉ាន់ដាន់វីយ៉ា (Mansukh Mandaviya) បានឱ្យដឹងថាអ្នកដំណើរមកពីប្រទេស និងតំបន់ចំនួន៥ខាងលើ នឹងត្រូវធ្វើចត្តាឡីស័ក ប្រសិនបើពួកគេមានរោគសញ្ញាកូវីដ១៩ ឬមានលទ្ធផលតេស្តវិជ្ជមាន។

គួរបញ្ជាក់ថា ឥណ្ឌា ដែលមានករណីឆ្លងកូវីដ១៩ ជាង៤៤លាននាក់ និងជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើតេស្ដកូវីដ១៩ លើអ្នកដំណើរអន្តរជាតិនៅតាមអាកាសយានដ្ឋាននានារបស់ខ្លួន ក្រោយលោក ម៉ាន់ដាន់វីយ៉ា បានប្រាប់សភាជាតិកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ពីការបារម្ភពីការកើនឡើងករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសចិន៕