(តូក្យូ)៖ អាជ្ញាធរបាននិយាយនៅថ្ងៃសៅរ៍នេះថា ព្រិលធ្លាក់ខ្លាំងនាពេលថ្មីៗនេះ នៅភាគខាងជើងរបស់ប្រទេសជប៉ុន និងកន្លែងផ្សេងទៀត បានសម្លាប់មនុស្ស ១៣នាក់ ខណៈ ៨០នាក់ទៀតរងរបួស ហើយធ្វើឲ្យប្រជាជនជាង ១០,០០០នាក់ គ្មានថាមពលអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថា ព្យុះព្រិល និងរលកខ្ពស់ នៅភាគខាងជើងប្រទេសជប៉ុន និងតាមបណ្តោយឆ្នេរសមុទ្រជប៉ុន អាចបណ្តាលឲ្យមានព្រិលធ្លាក់ដល់ជម្រៅ ៦០សង់ទីម៉ែត្រ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ មនុស្សជាង ៣០នាក់បានរងរបួសធ្ងន់ និងជាង ៥០នាក់ រងរបួសស្រាល។

បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ជប៉ុន NHK បានឲ្យដឹងថា សេវារថភ្លើង និងយន្តហោះត្រូវបានរំខាននៅភាគខាងជើងប្រទេស ហើយផ្នែកខ្លះនៃតំបន់កណ្តាល និងភាគខាងលិចជួបប្រទះការរំខានចរាចរណ៍៕