(សៀងហៃ)៖ អាជ្ញាធរសៀងហៃ បានជំរុញឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ សម្រាប់ថ្ងៃចុងសប្តាហ៍នៃពិធីបុណ្យណូអែល នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិនមួយនេះ ចំពេលដែលជំងឺកូវីដ-១៩ រីករាលដាលទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។

បុណ្យណូអែលមិនត្រូវបានប្រារព្ធជាប្រពៃណីនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែវាជារឿងធម្មតាសម្រាប់គូស្វាមីភរិយាវ័យក្មេង និងក្រុមគ្រួសារមួយចំនួន ដែលចង់ចំណាយពេលថ្ងៃឈប់សម្រាកជាមួយគ្នា។

គណៈកម្មាការសុខាភិបាលប្រចាំក្រុងសៀងហៃ បានស្នើដល់យុវជនចៀសវាងការជួបជុំដែលមានមនុស្សច្រើន ដោយសារតែភាពងាយស្រួលនៃការរីករាលដាលនៃមេរោគឆ្លង និងអាកាសធាតុចុះត្រជាក់។

គួរបញ្ជាក់ថា ជាធម្មតា ទីក្រុងសៀងហៃ បានរៀបចំតុបតែងដែលសម្រាប់បុណ្យណូអែលដ៏ធំ នៅក្នុងតំបន់ផ្សារទំនើប។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ការរីករាលដាលនៃជំងឺអូមីក្រុង កំពុងធ្វើឲ្យអាជីវកម្មមួយចំនួនបង្ខំចិត្តលុបចោការរៀបចំពិធីបុណ្យនេះ៕