(តូក្យូ)៖ សារព័ត៌មានក្យូដូ (Kyodo) និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ក្រុមព្រះរាជអាជ្ញាជប៉ុន បានសម្រេចហើយថា នឹងធ្វើការចោទប្រកាន់ជាផ្លូវការទៅលើ ជនសង្ស័យដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ នៅខែមករា ឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ​ ឆ្នាំ២០២២។

ការសម្រេចចិត្តខាងលើគឺកើតឡើង បន្ទាប់ពីការវាយតម្លៃសុខភាពផ្លូវចិត្តរបស់ជនសង្ស័យ ដែលមានឈ្មោះថា តេតស៊ូយ៉ា យ៉ាម៉ាហ្កាមិ (Tetsuya Yamagami) អាយុ៤២ឆ្នាំ និងមិនមានមុខរបរពិតប្រាកដឡើយ។ ការឃុំឃាំងជន យ៉ាម៉ាហ្កាមិ ដើម្បីវាយតម្លៃសុខភាពផ្លូវចិត្ត នឹងត្រូវបញ្ចប់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ហើយក្រុមព្រះរាជអាជ្ញាជប៉ុននៃទីក្រុងណារ៉ា (Nara) ទំនងជានឹងធ្វើការចោទប្រកាន់ជននេះជាផ្លូវការ មិនលើសពីថ្ងៃទី១៣ ខែមករា ឡើយ។

គួរបញ្ជាក់ថា លោក អាបេ ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្រ្តីជប៉ុនម្តងចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងម្តងទៀតពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ត្រូវបានខ្មាន់កាំភ្លើងបាញ់ធ្វើឃាតពីក្រោយខ្នង ខណៈលោកឈរថ្លែងសុន្ទរកថា កំលុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅឯទីក្រុងណារ៉ានៃខេត្តណារ៉ា កាលពីថ្ងៃទី៨ ខែកក្កដា៕