(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ ក្រសួងការបរទេសចិន បានចេញមុខបង្ហាញការមិនពេញចិត្តជាខ្លាំង រួមជាមួយជំហរប្រឆាំងដាច់អហង្ការ ចំពោះច្បាប់ស្តីពីការចំណាយលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ NDAA ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាកាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។

ទីក្រុងប៉េកាំងបានចោទប្រកាន់ថា ច្បាប់ NDAA ដែលអនុញ្ញាតឱ្យអាមេរិកចំណាយលើ វិស័យយោធារហូតដល់ចំនួន ៨៥៨ពាន់លានដុល្លារ សម្រាប់ឆ្នាំបច្ចុប្បន្ន ហើយព្រមទាំងអាចផ្តល់ជំនួយផ្នែកសន្តិសុខបានដល់១០ពាន់លានដុល្លារ និងពន្លឿនដំណើរការទិញសព្វាវុធសម្រាប់​តៃវ៉ាន់នោះ មានផ្ទុកនូវបទបញ្ញត្តិដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសុខសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។

ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីការចំណាយលើវិស័យការពារជាតិរបស់អាមេរិក មើលរំលងការពិតដើម្បីបំផ្លើស នូវអ្វីដែលខ្លួនអះអាងថាជា «ការគំរាមកំហែងរបស់ចិន», លូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយវាយប្រហារនិងបង្ខូចមុខមាត់របស់បក្សកុម្មុយនិស្តចិន ដែលសុទ្ធតែជាទង្វើបង្កហេតុផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរបំផុតដាក់ប្រទេសចិន។

គួរបញ្ជាក់ថា ច្បាប់ NDAA ខាងលើ ក៏រួមមាននូវការកែសម្រួល ដែលរឹតត្បិតមិនឱ្យរដ្ឋាភិបាលអាមេរិក ទិញផលិតផលប្រើប្រាស់បន្ទះឈីបកុំព្យូរទ័រ ដែលផលិតដោយក្រុមហ៊ុនចិនមួយចំនួនផងដែរ៕