(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍បាននាំគ្នាលុបចោលជើងហោះហើរ សរុបប្រមាណជា៥,៧០០ជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលព្យុះព្រិលយ៉ាងខ្លាំងក្លា បានបង្កផលប៉ះពាល់ចំពោះ ប្រតិបត្តិការនៅតាមអាកាសយានដ្ឋានទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាការំខានដល់អ្នកដែលត្រូវធ្វើដំណើរ កំលុងរដូវបុណ្យឈប់សម្រាករាប់សែននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។

ទិន្នន័យពីវែបសាយតាមដានជើងហោះហើរ FlightAware បានបង្ហាញថា តួលេខខាងលើជាកំណើនទ្វេដង ធៀបនឹងជើងហោះហើរសរុបជិត២,៧០០ជើង ដែលត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ ខណៈសម្រាប់ថ្ងៃសៅរ៍សប្តាហ៍នេះ ជើងហោះហើរសរុបជាង១,០០០ជើង ត្រូវបានលុបចោលរួចជាស្រេចហើយ នៅទូទាំងប្រទេសអាមេរិក។

នៅក្នុងថ្ងៃសុក្រដដែល អាមេរិកបានមើលឃើញ ជើងហោះហើរចំនួន ១០,៤០០ជើងទៀត ត្រូវបានពន្យារពេល ក្នុងនោះជាង ៤០ភាគរយ គឺធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក ដូចជា American Airlines. United Airlines, Delta Air Lines និង Southwest Airlines បន្ទាប់ពីជើងហោះហើរ១១,៣០០ជើង ត្រូវបានពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា ឥទ្ធិពលនៃព្យុះរដូវរងាខាងលើ ក៏បានបង្កការរាំងស្ទះដល់ ការធ្វើដំណើរតាមផ្លូវដែកនិងថ្នូវថ្នល់ហាយវ៉េ ក្នុងសហរដ្ឋអាមេរិកផងដែរ៕