(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានក្រើនរំឭកប្រជាជនអ៊ុយក្រែនឱ្យប្រុងប្រយ័ត្ន អំពីលទ្ធភាពកើនឡើងនៃការវាយប្រហាររបស់រុស្ស៉ី កំលុងរដូវបុណ្យគ្រីស្មាស់ (Christmas) ខាងមុខនេះ ដោយលោកបានទទូចឱ្យពួកគេ យកចិត្តទុកដាក់ជាប់​ចំពោះសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ពេលមានការវាយប្រហារតាមផ្លូវអាកាស និងត្រូវចេះជួយគ្នាទៅវិញទៅមក។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងការថ្លែងសារជាប្រចាំរាល់យប់របស់លោកកាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានប្រាប់ថា លោកបានជួបពិភាក្សាជាមួយ បណ្តាមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន ដើម្បីពិនិត្យនិងវាយតម្លៃលើស្ថានការណ៍បច្ចុប្បន្ន ហើយលោកបានបន្តថា រដ្ឋាភិបាលកំពុងត្រៀម​លក្ខណៈសម្រាប់សេណារីយ៉ូផ្សេងៗ នៃសកម្មភាពដែលរុស្ស៉ីអាចនឹងធ្វើឡើង។

លោកប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា ខណៈរដូវបុណ្យ Christmas ចូលមកដល់ ពួករុស្ស៉ីអាចនឹងបង្កើនសកម្មភាពវាយប្រហារ ដ្បិតពួកគេមិនខ្វល់អំពីគុណតម្លៃសាសនាគ្រិស្ត ឬក៏គុណតម្លៃណាមួយផ្សេងទៀតឡើយ។ ទន្ទឹមគ្នានោះ លោក ហ្សេលេនស្គី ក៏បាន​ងាកទៅព្រមានដាក់រុស្ស៉ីផ្ទាល់ផងដែរថា ប្រជាជនរុស្ស៉ីទាំងអស់ត្រូវតែយល់ឱ្យច្បាស់ថា ការប្រព្រឹត្តអំពើអាក្រក់ នឹងតែងតែទទួលការឆ្លើយតបទៅវិញ។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែធ្នូនេះ វិមានក្រឹមឡាំងបានប្រកាសមុនជាស្រេចថា នឹងគ្មានឡើយបទឈប់បាញ់ជាបណ្តោះអាសន្ន នៅក្នុងរដូវកាលបុណ្យណូអែល៕