(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ សភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក បានផ្តល់ការអនុម័តចុងក្រោយចំពោះ កញ្ចប់ជំនួយថ្មីទំហំប្រមាណ ៤៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ប្រធានាធីបតីអ៊ុយក្រែន នៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។
កញ្ចប់ជំនួយខាងលើដែលត្រូវបានអនុម័តដោយ សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គឺស្ថិតក្នុងផ្នែកនៃកញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាលអាមេរិក មានទំហំសរុបរហូតដល់១.៦៦ទ្រីលានដុល្លារ ដែលបានឆ្លងផុតព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍។ ដូច្នេះហើយឥឡូវ វានឹងត្រូវបញ្ជូនបន្តទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីចុះហត្ថលេខាចូលជាធរមាន។
ក្នុងសារលើប្រព័ន្ធ Twitter ដើម្បីអរគុណសភាអាមេរិក និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយអាមេរិកទាំងពីរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា វាគឺជារឿងដ៏សំខាន់បំផុតដែលអាមេរិក ឈរប្រកៀកស្មាគ្នាជាមួយអ៊ុយក្រែនជាប់ជានិច្ច នៅក្នុងពេលវេលាដ៏លំបាកនេះ។ លោក ហ្សេលេនស្គី ទើបតែបានត្រឡប់ពីវ៉ាស៉ីនតោន ទៅដល់ទីក្រុងកៀវវិញប៉ុណ្ណោះ ខណៈវាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក គិតចាប់តាំងពីអ៊ុយក្រែនត្រូវបានរុស្ស៉ីឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
គួរបញ្ជាក់ថា ដោយឡែក កញ្ចប់ជំនួយថ្មីខាងលើរបស់អាមេរិក នឹងបន្ថែមពីលើជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌សរុបខ្ទង់ជិត ៥០ពាន់លានដុល្លារ ដែលទីក្រុងវ៉ាស៉ីនតោនបានផ្តល់ឱ្យអ៊ុយក្រែន នៅក្នុងឆ្នាំ២០២២នេះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕