(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា​​ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានប្រៀបធៀបស្ថានភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីទៅនឹង «យុគសម័យទឹកកក» ហើយបាននិយាយថា ហានិភ័យនៃការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរគឺ​ «ខ្ពស់»។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

TASS បានដកស្រង់សម្តី លោក Anatoly Antonov ថា វាពិបាកនឹងអាចកើតឡើងសម្រាប់កិច្ចពិភាក្សា ស្តីពីការសន្ទនាជាយុទ្ធសាស្រ្តរវាងភាគីទាំងពីរ ប៉ុន្តែកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរអ្នកទោសមាន «ប្រសិទ្ធភាព» ហើយនឹងបន្ត។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានធ្លាក់ចុះដល់ចំណុចទាបបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍។

គួរបញ្ជាក់ថា ការដោះដូរអ្នកទោសចំនួនពីរលើក ដែលក្នុងនោះទាហានជើងទឹកអាមេរិក​លោក Trevor Reed និងតារាបាល់បោះ លោកស្រី Brittney Griner ត្រូវបានរុស្ស៊ីដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសអ្នករត់ពន្ធគ្រឿងញៀន លោក Konstantin Yaroshenko និងឈ្មួញអាវុធ Viktor Bout គឺជាករណីដ៏កម្រនៃជោគជ័យការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងឆ្នាំ២០២២។